ការដាក់ពន្ធរបស់អាមេរិក ជំរុញឲ្យចិនចាប់អារម្មណ៍ទៅលើទីតាំងផលិតកម្មរបស់ប្រទេសថៃ
សេដ្ឋកិច្ច September 23, 2019 Chan Sreyny

ក្រុមហ៊ុនផលិតចិនកាន់តែច្រើនកំពុងសំឡឹងមើលប្រទេសថៃជាមូលដ្ឋានផលិតកម្មដើម្បីចៀសវាងពន្ធគយរបស់អាមេរិក ដោយផ្អែកលើនិន្នាការតម្រូវការឧស្សាហកម្មអចលនទ្រព្យរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ជាក់ស្ដែងក្រុមហ៊ុន WHA Corp Plc ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អចលនវត្ថុថៃឈានមុខគេបាននិយាយថាខ្លួនរំពឹងថាក្រុមហ៊ុនចិននឹងទទួលបានភាគហ៊ុនពាក់កណ្តាលនៃកិច្ចសន្យាលក់ដីរបស់ខ្លួនទាំងនៅឆ្នាំនេះ និងឆ្នាំក្រោយពោលគឺកើនឡើងពីប្រមាណ ១២% ក្នុងឆ្នាំ ២០១៨ ។

គួររំលឹកផងដែរថាប្រទេសថៃបានដាក់ចេញនូវការលើកទឹកចិត្តរួមមាន ការបន្ធូរបន្ថយពន្ធដល់ក្រុមហ៊ុនផលិតដើម្បីជៀសវាងការតំឡើងពន្ធដែលសហរដ្ឋអាមេរិក និងចិនបានដាក់លើគ្នា។ ហើយភ័ស្តុតាងថ្មីៗបានបង្ហាញថាគូប្រជែងរបស់វៀតណាមបានដើរទៅមុខដើម្បីទាក់ទាញអ្នកផលិត ដោយបច្ចុប្បន្នចំនួននៃការដាក់ពាក្យសុំវិនិយោគផ្ទាល់ពីបរទេសសុទ្ធទៅប្រទេសថៃពីក្រុមហ៊ុនចិនកំពុងតែកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺកើនឡើង ៥ ដងក្នុងឆមាសទី ១ នៃឆ្នាំ ២០១៩ បើធៀបនឹងឆ្នាំមុន។

យ៉ាងណាមិញលោក David Nardone នាយកក្រុមអង្គភាពអភិវឌ្ឍន៍ឧស្សាហកម្មរបស់ក្រុមហ៊ុន WHA Corp Plc បានអះអាងថាលោកមិនគិតថាប្រទេសថៃ និងវៀតណាមជាដៃគូប្រកួតប្រជែង ព្រោះប្រទេសនីមួយៗមានចំណុចខ្លាំងនិងចំណុចខ្សោយរៀងៗខ្លួន។ ខណៈដែលប្រទេសវៀតណាមត្រូវការពេលយូរដើម្បីសាងសង់រោងចក្រ ចំណែកឯប្រទេសថៃកង្វះខាតផ្នែកកំលាំងពលកម្ម។

ទោះបីជាយ៉ាងណាក៏ដោយនៅពេលដែលក្រុមហ៊ុនផលិតជាច្រើនហាក់ដូចជាកំពុងផ្លាស់ប្ដូរផ្នែកខ្លះនៃផលិតកម្មចេញពីប្រទេសចិនដោយសាទីផ្សាររបស់ខ្លួន មន្រ្តីថៃបាននិយាយថាក្រុមហ៊ុនជាច្រើនរួមមាន Sony Corp, Sharp Corp, និង Harley-Davidson Inc កំពុងផ្លាស់ប្តូរផលិតកម្មមួយចំនួនមកកាន់ប្រទេសថៃ​។ លើសពីនេះពួកគេសង្ឃឹមថាការវិនិយោគដោយផ្ទាល់ពីបរទេសនឹងជួយជំរុញសេដ្ឋកិច្ចដឹកនាំការនាំចេញដែលកំណើនសេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះដោយសារឥទ្ធិពលរូបិយប័ណ្ណផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មនិងលំហូរនយោបាយក្នុងស្រុក៕

អត្ថបទ៖ លីនី