លោក Bill Gates ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីលំដាប់ទី២ លើពិភពលោក និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ Microsoft ហើយអ្វីដែលកាន់តែធ្វើឲ្យគាត់ទទួលបានភាពល្បីល្បាញគឺគាត់ជាមហាសេដ្ឋីមនុស្សធម៌ដែលបានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាច្រើនដល់ ក៏ដូចជាបង្កើតមូលនិធិសម្រាប់ជួយដល់ប្រជាជនខ្វះខាតផងដែរ។ ប៉ុន្តែក្រៅពីភាពល្បីល្បាញរបស់គាត់ នៅមានរឿងមួយទៀតដែលមនុស្សជាច្រើនប្រាកដជាមិនបានដឹងពីមហាសេដ្ឋីរូបនេះ នៅថ្ងៃដំបូងដែលគាត់ចាប់ផ្ដើមបង្កើតក្រុមហ៊ុន Microsoft។
តាមរយៈភាពយន្តឯកសាររបស់គាត់នៅលើ Netflix លោក Bill Gates បាននិយាយថា៖ « ខ្ញុំបានទិញម្សៅរសជាតិក្រូច ដែលគេលាយជាមួយទឹកបង្កើតបានជាទឹក្រូចសម្រាប់ទទួលទានជំនួសឲ្យអាហារ ហើយដោយសារតែមិនមានពេលគ្រប់គ្រាន់ ជំនួសឲ្យការលាយជាមួយទឹកដែលត្រូវប្រើពេលយូរក្នុងការកូរ ខ្ញុំតែងតែដាក់វានៅលើបាតដៃហើយលិត ដូច្នេះផ្ទៃមុខរបស់ខ្ញុំពោពេញទៅដោយម្សៅ និងពណ៌ទឹកក្រូច »។
មូលហេតុដែលគាត់តែងតែទទួលបានបែបនេះ ព្រោះគាត់មិនចង់ចំណាយពេលវេលាច្រើនក្រៅពីធ្វើការ ដោយលោកបានបន្ថែមថា៖ « ខ្ញុំមិនខ្វល់ថាអ្នកជាមនុស្សដែលចូលចិត្តប្រើប្រាស់ពេលវេលាបែបណាទេ ប៉ុន្តែប្រសិនបើអ្នកធ្វើការផ្នែកសរសេរកូដ អ្នកត្រូវធ្វើវាឲ្យរួចរាល់ កុំខ្វល់រឿងសម្រាកដ៏រាបណាការងារអ្នកមិនទាន់រួចរាល់ »។ ជាក់ស្ដែងដោយសារមូលហេតុនេះហើយ Bill Gates ត្រូវបានចាត់ទុកថាជាមនុស្សងប់ងល់នឹងការងារបំផុត តែក៏បង្ហាញផងដែរថាការងារគាត់ពិតជាពិបាក ដោយឡែកទោះជាយ៉ាងណាការព្យាយាមរបស់គាត់ក៏ទទួលបានជោគជ័យ ៕


អត្ថបទ៖ លីនី


