នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី១៦ ឆ្នាំ២០១៩ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីជាន់ខ្ពស់ប្រចាំក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និងសមាជិកគណៈប្រតិភូអន្តរក្រសួង បានអញ្ជើញចូលរួមកាត់ខ្សែបូសម្ពោធ និងទស្សនាស្តង់ផលិតផលខ្មែរ និងសេវាកម្ម ស្ថិតនៅក្នុងពន្លាជាតិកម្ពុជា ដើម្បីចូលរួមអបអរសាទរ និងសំណេះសំណាលជាមួយអាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគទុនជាច្រើន។
ក្រៅពីកិច្ចចូលរួមសម្ពោធពិព័រណ៍ចិន-អាស៊ាននាឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានជម្រាបជូនបងប្អូនអាជីវករ ពាណិជ្ជករ និងអ្នកចូលរួមទាំងអស់ អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព តាមរយៈការជំរុញបង្កើនសកម្មភាពពាណិជ្ជកម្ម ការបើកច្រកទីផ្សារទាំងក្នុងតំបន់ និងពិភពលោកជូនវិស័យឯកជន។ ដោយក្នុងឆ្នាំនេះប្រទេសកម្ពុជា បានដឹកនាំពាណិជ្ជករមកចូលរួមមានចំនួន ៩៩ ក្រុមហ៊ុន និងមានស្តង់សរុបចំនួន ១៤៥ស្តង់ ក្នុងនោះស្តង់ផលិតផលកសិកម្មមានចំនួន ៤១ ស្តង់ ស្មើ២៨%, សេវាកម្ម និងគម្រោងវិនិយោគ ២៨ស្តង់ ស្មើ១៩%, ម្ហូបអាហារ និងភេសជ្ជ: ២២ស្តង់ ស្មើ១៥%, សិប្បកម្ម ៣៥ស្តង់ ស្មើ២៤% និងផលិតផលវត្ថុអនុស្សាវរីយ៍ ចំនួន ១៩ស្តង់ ស្មើនឹង ១៣%។
យ៉ាងណាមិញបន្ទាប់ពីទទួលបានជោគជ័យក្នុងរយៈពេល ១៦ឆ្នាំ កន្លងមកនេះព្រឹត្តិការណ៍ពិព័រចិន-អាស៊ាន បានក្លាយជាវេទិកាសំខាន់មួយ សម្រាប់ជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច នយោបាយ ទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងការទូត ជាពិសេសកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសចិន និងប្រទេសជាសមាជិកអាស៊ានទាំង១០។ ដោយពិព័រណ៍ចិន-អាស៊ាន គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំរបស់រដ្ឋបាលតំបន់ស្វយ័តខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំលើកដំបូងនៅក្នុងឆ្នាំ២០០៤ តាមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម វិន ជាបាវ អតីតនាយករដ្ឋមន្រ្តីចិន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី៧ ហើយទទួលបានការគាំទ្រពីបណ្តាមេដឹកនាំនៃប្រទេសអាស៊ានទាំងអស់៕




អត្ថបទ៖ លីនី


