ប្រទេសវៀតណាមត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ចំនួន ៦ ពីកម្មវិធីពានរង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ ២០១៩ ជាប្រទេសនាំមុខគេក្នុងពិភពលោកចំពោះទិសដៅម្ហូបអាហារ និងទិសដៅទេសចរណ៍វប្បធម៌
សេដ្ឋកិច្ច September 21, 2019 Chan Sreyny

ប្រទេសវៀតណាមត្រូវបានគេតែងតាំងសម្រាប់ពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ៦ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) ឆ្នាំ ២០១៩ ដែលគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំនេះ នេះបើយោងតាមរដ្ឋបាលជាតិទេសចរណ៍វៀតណាមដែលស្ថិតនៅក្រោមក្រសួងវប្បធម៌កីឡា និងទេសចរណ៍។ ក្នុងចំណោមរង្វាន់នោះប្រទេសវៀតណាមដែលជាប្រទេសមួយទទួលបានការតែងតាំងជាប្រទេសនាំមុខគេក្នុងពិភពលោកចំពោះទិសដៅធ្វើម្ហូប និងទិសដៅទេសចរណ៍វប្បធម៌។

លើសពីនេះទៀតទីក្រុងរដ្ឋធានីហាណូយ និងទីក្រុងបុរាណហួយអានត្រូវបានជ្រើសរើសដើម្បីប្រកួតប្រជែងដណ្តើមពានរង្វាន់នៃទិសដៅទីក្រុងឈានមុខគេ និងគោលដៅទីក្រុងវប្បធម៌ឈានមុខគេលើពិភពលោករៀងៗខ្លួន។ អ្វីដេលកាន់តែអស្ចារ្យរដ្ឋបាលទេសចរណ៍ជាតិរបស់ប្រទេសវៀតណាមកំពុងទទួលបានសិទ្ធិក្នុងការប្រកួតប្រជែងសម្រាប់ក្រុមប្រឹក្សាទេសចរណ៍នាំមុខគេនៅលើពិភពលោកថែមទៀត។

គួររំលឹកផងដែរថាកាលពីឆ្នាំ ២០១៨ វៀតណាមបានឈ្នះចំណាត់ថ្នាក់ទិសដៅឈានមុខគេនៅអាស៊ី ខណៈដែលកម្មវិធីនេះប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ ១៩៩៣ ក្នុងគោលបំណងផ្ដល់ពានរង្វាន់កិត្តិយសដល់គោលដៅដែលលេចធ្លោជាងគេបំផុត និងអ្នកផ្ដល់សេវាកម្មទេសចរណ៍ដែលមានគុណភាពខ្ពស់ផងដែរ​៕

អត្ថបទ៖ លីនី