ការនាំចេញរបស់ថៃធ្លាក់ចុះលើសពីការរំពឹងទុក ដោយសារតែតម្រូវការចុះថយនៅក្នុងទីផ្សារពិភពលោក ​
សេដ្ឋកិច្ច September 21, 2019 Chan Sreyny

យោងតាមក្រសួងពាណិជ្ជកម្មប្រចាំប្រទេសថៃបានឲ្យដឹងថាការនាំចេញទំនិញ​នៅក្នុងខែសីហានេះបានធ្លាក់ចុះ ៤% ក្នុងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ​មកនៅត្រឹម ២១.៩ ពាន់លានដុល្លារ បន្ទាប់ពីកើនឡើង ៤.៣% ក្នុងខែកក្កដាដែលជាការកើនឡើងលើកដំបូងក្នុងរយៈពេល ៥ ខែនៃឆ្នាំនេះ ដែលក្រសួងបានសន្មត់ថាការកើនឡើងដោយសារតែការនាំចូលមុខទំនិញដើម្បីជៀសវាងការដាក់ពន្ធរបស់សហរដ្ឋអាមេរិកដែលចាប់ផ្តើមនៅថ្ងៃទី ១ ខែកញ្ញា។

យ៉ាងណាមិញនៅក្នុងខែសីហានេះការនាំចេញធ្លាក់ចុះស្ទើរតែគ្រប់វិស័យ ដោយការនាំចេញផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មបានធ្លាក់ចុះ ៤.៤% ក្នុងខែសីហាមកត្រឹម ៣.៥៩ ពាន់លានដុល្លារ។ ចំនែកឯការនាំចេញផលិតផលឧស្សាហកម្មបានធ្លាក់ចុះ ១.៩% ស្មើនឹង ១៧.៧ ពាន់លានដុល្លារដែលភាគច្រើនជាលទ្ធផលនៃការនាំចេញរថយន្តទៅកាន់អូស្ត្រាលី និងអាស៊ាន។ ដោយឡែកការនាំចូលសរុបបានធ្លាក់ចុះ ១៤.៦% ក្នុងខែសីហាមកនៅត្រឹម ១៩.៩ ពាន់លានដុល្លារដោយផ្តល់អតិរេកពាណិជ្ជកម្មត្រឹមតែចំនួន ២.០៥ ពាន់លានដុល្លារ។

គួរបញ្ចាក់ផងដែរ​ថាការធ្លាក់ចុះនេះភាគច្រើនត្រូវបានជះឥទ្ធិពលដោយកត្តាពិភពលោករួមមាន ភាពតានតឹងពាណិជ្ជកម្មដែលកំពុងបន្តរវាងសហរដ្ឋអាមេរិកនិងចិន ស្ថានភាពហិរញ្ញវត្ថុពិភពលោកដែលតឹងតែង និងកត្តាមួយចំនួននៃប្រទេស និងតំបន់នីមួយៗ ភាពមិនប្រាកដប្រជាផ្នែកនយោបាយនៅក្នុងសហភាពអឺរ៉ុបនិង ការដកខ្លួនចេញ​របស់ចក្រភព​អង់គ្លេស ដែលមិនទាន់បានដោះស្រាយ។

ម៉្យាងទៀតភាពមិនប្រាកដប្រជានៃជម្លោះពាណិជ្ជកម្មកំពុងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះ បណ្ដាលឲ្យដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសថៃរួមទាំងអាស៊ាន និងអាស៊ីខាងត្បូងធ្លាក់ចុះដូចគ្នា។ មិនតែប៉ុណ្ណោះការធ្លាក់ចុះតម្លៃប្រេងសកលក៏បានរារាំងការនាំចេញផលិតផលដែលទាក់ទងនឹងប្រេង និងការផ្គត់ផ្គង់លើសផលិតផលកសិកម្មនៅលើទីផ្សារពិភពលោក ក៏ដូចជាការឡើងថ្លៃប្រាក់បាតនៅតែជាហានិភ័យទាបសម្រាប់ការនាំចេញរបស់ថៃផងដែរ៕

អត្ថបទ៖ លីនី