រាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ១៩០ ដុល្លារដល់កម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៨៥ ដល់កម្មករនិយោជិតសាកល្បងចាប់ពីខែមករា ឆ្នាំ ២០២០ តទៅ
សេដ្ឋកិច្ច September 21, 2019 Chan Sreyny

ភ្នំពេញ៖ បន្ទាប់ពីកិច្ចប្រជុំអស់ជាច្រើនលើកច្រើនសារ រហូតមកទល់ថ្ងៃទី២០ ខែកញ្ញាកន្លងទៅនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានសម្រេចលើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០២០។ ជាមួយគ្នានេះចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅគ្រប់នយោជិតផ្នែកទាំងនោះនឹងទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩០ ដុល្លារ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៨៥ ដុល្លារ ក្នុងមួយខែចំពោះកម្មករនិយោជិតសាកល្បង។ ទន្ទឹមនឹងនេះប្រាក់អត្ថប្រយោជន៍ផ្សេងទៀតដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែលពោលគឺមិនមានការកាត់បន្ថយ ឬ ការដំឡើងឡើយ។

គួរបញ្ចាក់ផងដែរថា​ឧស្សាហកម្មកាត់ដេរ គឺជាផលិតកម្មដែលមាននិយោជិកច្រើនជាងគេនៅកម្ពុជាដែលរកចំណូលបាន ៧ ពាន់លានដុល្លារសម្រាប់សេដ្ឋកិច្ចជារៀងរាល់ឆ្នាំ។ ដោយបច្ចុប្បន្នកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជាបន្ទាប់ពីសហគមន៍អ៊ឺរ៉ុបកាលពីខែកុម្ភៈ បានចាប់ផ្តើមដំណើរការមួយដែលអាចបញ្ឈប់ការអនុគ្រោះពាណិជ្ជកម្មពិសេសរបស់កម្ពុជា​។ ខណៈដែលកម្ពុជាទទួលបានអត្ថប្រយោជន៍ពីកម្មវិធីពាណិជ្ជកម្មជាច្រើនលើកលែងតែអាវុធ (EBA) របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឲ្យប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុតរបស់ពិភពលោក បាននាំចេញទំនិញភាគច្រើនទៅសហភាពអឺរ៉ុបដោយមិនគិតថ្លៃ៕

អត្ថបទ៖ លីនី