មហាសេដ្ឋីលំដាប់ពិភពលោក Jack Ma ផ្ដល់ដំបូន្មានល្អៗពីភាពតានតឹង និងដំណេក៖ “ ស៊ូស្លាប់នៅលើឆ្នេរ ជាជាងនៅការិយាល័យ ”
បុគ្គលជោគជ័យ September 20, 2019 Chan Sreyny

លោក Jack Ma បានចូលនិវត្តន៍ពីតួនាទីជាប្រធានគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិចរបស់ចិន Alibaba ក្នុងថ្ងៃកំណើតគម្រប់អាយុ ៥៥ ឆ្នាំដែលទើបតកន្លងទៅថ្មីៗនេះ។ ក្រៅពីការបង្កើតទ្រព្យសម្បត្តិជាច្រើនដោយខ្លួនឯង មហាសេដ្ឋីចិនរូបនេះត្រូវបានគេដាក់នាមឲ្យថាជាអ្នកចែករំលែកដំបូន្មានដ៏ល្អមួយរូបសម្រាប់មនុស្សជំនាន់ក្រោយក្នុងការបង្កើតផលិតភាព ដោយលោកធ្លាប់តស៊ូមតិសំរាប់គោលការណ៍ “៩៩៦” សប្តាហ៍ដែលមនុស្សធ្វើការ ១២ ម៉ោងនិង ៦ ថ្ងៃក្នុងមួយសប្តាហ៍។

ប៉ុន្តែគាត់ក៏បានលើកឡើងដែរថាគាត់មានផែនការធ្វើតាមទស្សនវិជ្ជាគឺ “ ស្លាប់នៅលើឆ្នេរជាជាងការិយាល័យ ” ដោយបានកោតសរសើរអំណាចនៃការគេង។ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៩ នៅទីក្រុង Davos បាននិយាយប្រាប់ទស្សនិកជនថា គាត់ផ្តល់អាទិភាពដល់ការសម្រាក និងគេងនៅពេលគាត់ប្រឈមមុខ នឹងភាពតានតឹងជាច្រើន។

មូលហេតុដែលគាត់លើកឡើងបែបនេះគាត់បានពន្យល់ថា៖ ” ប្រសិនបើខ្ញុំគេងមិនបានស្កប់ស្កល់ទេបញ្ហានៅតែមានដដែល ហើយប្រសិនបើខ្ញុំគេងខ្ញុំមានឱកាសប្រសើរច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហា “។ លើសពីនេះទៅទៀតគាត់បានបន្ថែមថា “ ជាការពិតអ្នកមិនសប្បាយចិត្តទេនៅពេលដែលមនុស្សនិយាយថាទេចំពោះអ្នក ដូច្នេះគេងឲ្យស្កប់ស្កល់ ភ្ញាក់មកវិញហើយព្យាយាមម្ដងទៀត ”។

តាមរយៈដំបូន្មានរបស់លោក Ma អាចបញ្ជាក់ប្រាប់យើងពីទំនាក់ទំនងរវាងដំណេក និងផលិតភាព ។ ជាមួយគ្នានេះការស្រាវជ្រាវថ្មីៗពីបណ្ឌិត្យសភាវេជ្ជសាស្ត្រអាមេរិច (AASM) បង្ហាញថាអ្នកដែលមានករណីគេងមិនលក់ ឬពិបាកគេងលក់ អាចបាត់បង់ផលិតភាព ៥៨% នៅថ្ងៃបន្ទាប់។ ការសិក្សាដដែលបានរកឃើញថាក្នុងករណីដែលមនុស្សលះបង់ការគេងរបស់ពួកគេដើម្បីធ្វើកិច្ចការបានច្រើនពួកគេទទួលបានផលតិចជាង ១៩% នៅថ្ងៃបន្ទាប់។ ចំនែកឯការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថាការគេងមិនបានគ្រប់គ្រាន់ជះឥទ្ធិពលអវិជ្ជមានដល់ការយល់ដឹងរបស់មនុស្សរួមមានការចងចាំ ការច្នៃប្រឌិត ការសំរេចចិត្ត និងអារម្មណ៍។ សម្រាប់ហេតុផលទាំងអស់នេះការគេងអាចជាទម្លាប់សុខភាពសំខាន់បំផុតមួយដែលជះឥទ្ធិពលដល់ផលិតភាពរបស់អ្នក៕

អត្ថបទ៖ លីនី