រុស្ស៊ីសន្យាជំរុញការហោះហើរត្រង់មកកម្ពុជា និងផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាឲ្យបានច្រើននៅប្រទេសខ្លួន
សេដ្ឋកិច្ច September 20, 2019 Chan Sreyny

ភ្នំពេញ៖ រុស្ស៊ីដែលជាប្រទេសធំជាងនៅគេលើពិភពលោកនោះ បានទទួលសំណើក្នុងការជួយជំរុញការតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជាសម្រាប់ខេត្តសៀមរាប និងតំបន់ឆ្នេរ ក៏ដូចជារាជធានីភ្នំពេញ និងសហការជាមួយកម្ពុជា ក្នុងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារក្នុងប្រទេសរបស់ខ្លួន សំដៅរុញកំណើនទេសចររុស្ស៊ី និងទេសចរមកពីប្រទេសទីបី ឲ្យមកទស្សនាកម្ពុជាកាន់តែច្រើន។ ការបញ្ជាក់យ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ដឹកនាំដោយលោក ឌីមីទ្រី ស្វឺតខូវ (Dmitry Tsvetkov) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

នាឱកាសនោះក្រៅពីជើងហោះហើរត្រង់មកកម្ពុជា លោករដ្ឋមន្ត្រី ថោង ខុន បានស្នើភាគីរុស្ស៊ីរៀបចំឲ្យមានដំណើរទស្សនកិច្ចស្វែងយល់ (Fam Trip) នៅប្រទេសកម្ពុជា សម្រាប់ប្រតិភូ និងអ្នកសារព័ត៌មានមកពីរុស្ស៊ី ឲ្យបាន២ដងក្នុងមួយឆ្នាំ ដើម្បីបង្កើនការផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងគោលដៅទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍រុស្ស៊ីឱ្យបានច្រើនឡើង។ បន្ថែមពីនេះស្នើឲ្យភាគីរុស្ស៊ីជួយសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ដំណើរកម្សាន្តផ្សេងៗនៅកម្ពុជាឱ្យបានញឹកញាប់ និងជួយកម្ពុជាបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបន្ថែម ដល់មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជានិយាយភាសារុស្ស៊ី ហើយរុស្ស៊ីបានឆ្លើយតបមកវិញថា នឹងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការនេះ ក្នុងពេលឆាប់ៗខាងមុខ។

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ន កម្ពុជាមិនទាន់មានការហោះហើរត្រង់ទៅកាន់រដ្ឋធានីមូស្គូ ឬទីក្រុងណាមួយនៅចុងបូព៌ារបស់រុស្ស៊ីមកកាន់កម្ពុជានៅឡើយទេ ដូច្នេះហើយបានជាលោករដ្ឋមន្ត្រីស្នើទៅកាន់លោកឯកអគ្គរដ្ឋទូតរុស្ស៊ី ធ្វើយ៉ាងណាជំរុញឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង វ្ល៉ាឌីវ៉ូស្តុក(Vladivostok) ឬពីទីក្រុងណាមួយរបស់រុស្សីមកកាន់កម្ពុជា ដែលមានរយៈចម្ងាយខ្លីជាងមកពីមូស្គូ ដើម្បីជំរុញកំណើនទេសចររុស្ស៊ីឲ្យមកកម្ពុជាកាន់តែច្រើនថែមទៀត។ ដោយក្នុងឆ្នាំ២០១៨ កន្លងទៅ កម្ពុជាទទួលបានទេសចររុស្ស៊ីប្រមាណជិត ៦៥,០០០នាក់ និងនៅរយៈពេល៧ខែ ដើមឆ្នាំ២០១៩នេះ ទេសចររុស្ស៊ីបានមកទស្សនាកម្ពុជាមានប្រមាណជាង ៣៤,០០០នាក់។ ក្នុងចំណោមតំបន់អាស៊ាន ប្រទេសថៃ វៀតណាម ឥណ្ឌូនេស៊ី (ពិសេសកោះបាលី) ជាប្រទេសទទួលបានទេសចររុស្ស៊ីច្រើនជាងគេ ហើយកម្ពុជាសង្ឃឹមថានឹងទទួលបានទេសចររុស្ស៊ីបន្ថែមទៀត តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់នេះ៕