វៀតណាមជាប់ចំណាត់ថ្នាក់ជាប្រទេសកំពូលសម្រាប់ការវិនិយោគ វ៉ាដាច់ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី
សេដ្ឋកិច្ច September 20, 2019 Chan Sreyny

ប្រទេសវៀតណាមបានជាប់ចំណាត់ថ្នាក់ជាប្រទេសល្អបំផុតសម្រាប់ការវិនិយោគនៅឆ្នាំនេះ ដោយវ៉ាដាច់ប្រទេសនៅអាស៊ីអាគ្នេយ៍ដូចជាម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី។ ក្នុងរបាយការណ៍ថ្មីៗនេះរបស់សារព័ត៌មានអាមេរិក និងរបាយការណ៍ពិភពលោកបានចាត់ចំណាត់ថ្នាក់ប្រទេសវៀតណាមទី ៨ ក្នុងចំនោមសេដ្ឋកិច្ចទាំង ២៩ ដោយកាលពីឆ្នាំទៅស្ថិតក្នុងចំណាត់ថ្នាក់ទី២៣ ខណៈដែលប្រទេសជិតខាងមួយចំនួនដូចជាប្រទេសម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ីបានឈរក្នុងលំដាប់ទី ១៣ ទី ១៤ និងទី ១៨ រៀងៗគ្នា។

យោងតាមរបាយការណ៍កំណែទម្រង់គោលនយោបាយសេដ្ឋកិច្ចឡើងវិញដែលចាប់ផ្ដើមក្នុងឆ្នាំ ១៩៨៦ មកទល់ពេលនេះ បានជួយប្រទេសវៀតណាមផ្លាស់ប្តូរទៅជាប្រទេសដែលមានការប្រកួតប្រជែងកាន់តែទំនើប។ ទន្ទឹមនឹងនេះការខិតខំប្រឹងប្រែងឡើងវិញរបស់វៀតណាម ដើម្បីកាត់បន្ថយភាពដាច់ឆ្ងាយក្នុងទំនាក់ទំនងអន្តរជាតិ ត្រូវបានបង្ហាញដោយការចូលរួមរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ ២០០៧ និងការចូលរួមក្នុងការចរចាពាណិជ្ជកម្មសេរីជាមួយភាពជាដៃគូអន្តរប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០១០ ។

ចំណាត់ថ្នាក់នៃប្រទេសល្អបំផុតសម្រាប់ការវិនិយោគនេះ គឺជាបានមកពីការស្ទង់មតិផ្អែកលើការយល់ឃើញជាសកល និងចំណាត់ថ្នាក់ប្រទេសដោយផ្អែកលើពិន្ទុខ្ពស់បំផុតក្នុងចំណោមអ្នកវិនិយោគអាជីវកម្មជិត ៧,០០០ នាក់លើការប្រមូលផ្តុំនៃគុណសម្បត្តិរបស់ប្រទេសនីមួយៗទៅលើចំណិខសំខាន់ៗ ៨ យ៉ាងរួមមាន អំពើពុករលួយ សក្ដានុពល ស្ថេរភាពសេដ្ឋកិច្ច ភាពជាសហគ្រិន បរិស្ថាន ពន្ធអំណោយផល ការច្នៃប្រឌិត កម្លាំងពលកម្ម ជំនាញនិងបច្ចេកទេស។ ដោយនៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ ក្នុងឆ្នាំនេះប្រទេសអ៊ុយរូហ្គាយឈរនៅលំដាប់លេខ១ បន្ទាប់មក គឺប្រទេសអារ៉ាប់ប៊ីសាអូឌីត លុចសំបួ ឥណ្ឌានិងប៉ូឡូញ។

ជាមួយគ្នានេះដែរទីភ្នាក់ងារវិនិយោគបរទេសក្រោមក្រសួងផែនការ និងវិនិយោគវៀតណាមបានឱ្យដឹងថា ចាប់ពីដើមឆ្នាំនេះរហូតដល់ខែសីហាប្រទេសវៀតណាមបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលមានតម្លៃសរុប ២២.៦៣ ពាន់លានដុល្លារ។ ហើយគិតត្រឹមខែសីហាប្រទេសនេះមានគម្រោងវិនិយោគពីបរទេសដែលមានសុពលភាពជាង ២៩.៥៣០ គម្រោង ស្មើនឹងដើមទុនសរុប ៣៥៣.៧ ពាន់លានដុល្លារ។ ខណៈដែលសាធារណរដ្ឋកូរ៉េជាវិនិយោគិនធំជាងគេរបស់វៀតណាមជាមួយទឹកប្រាក់ចំនួន ៦៤.៨៧ ពាន់លានដុល្លារបន្ទាប់មក គឺប្រទេសជប៉ុន (៥៨.២៣ ពាន់លានដុល្លារ) សិង្ហបុរី (៤៩.៦២ ពាន់លានដុល្លារ) តៃវ៉ាន់ (៣១.៨៩ ពាន់លានដុល្លារ) និងហុងកុង (២១.៦៤ ពាន់លានដុល្លារ)៕

អត្ថបទ៖ លីនី