ថៃ និងចិន កំពុងពិភាក្សាឡើងវិញលើគម្រោងផ្លូវដែកល្បឿនលឿនដែលមានតម្លៃរាប់ពាន់លានបាត
សេដ្ឋកិច្ច September 20, 2019 Chan Sreyny

ថៃ៖ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននឹងជួបពិភាក្សាកិច្ចសន្យាជាមួយប្រទេសចិនសម្រាប់គម្រោងផ្លូវដែកល្បឿនលឿនរួមគ្នារវាងទីក្រុងបាងកក និងនគររាជសីមាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកាខាងមុខនេះ ដោយសារតែខាងភាគីទាំងពីរមិនទាន់ឈានដល់កិច្ចព្រមព្រៀងទៅលើកិច្ចសិក្សា ២.៣ របស់ថៃ ដែលមានតម្លៃប្រហែល ៥០ ពាន់លានបាតទៅលើការទិញផ្លូវដែក ប្រព័ន្ធអគ្គិសនី គ្រឿងម៉ាស៊ីន និងរទេះភ្លើង។

កិច្ចសន្យា​ ២.៣ គឺជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងចំនួន ១៤ ផ្សេងៗពីគ្នាដែលត្រូវបែកចែកការសាងសង់ជាពីរដំណាក់កាល ដោយដំណាក់កាលទី១ សាងសង់ផ្លូវដែកដែលមានប្រវែង ២៥២.៥ គីឡូម៉ែត្រពីទីក្រុងបាងកកទៅនគររាជសីមាចំណាយទឹកប្រាក់ប្រមាណ ១២៥ ពាន់លានបាត។ ដំណាក់កាលទី២ កំណាត់ផ្លូវប្រវែង ៣៥៥ គីឡូម៉ែត្រពីនររាជសីមា ទៅណងខៃ ដែលនឹងត្រូវចំណាយថវិកាប្រមាណ ២០០ ពាន់លានបាត។

ក្រៅពីនេះគ្រោងជាច្រើនទៀតរួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចំនួន ៥០៤ ពាន់លានបាត សម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ានដែលជាទីក្រុងអាកាសចរណ៍ ២០០ ពាន់លានបាតទៅលើអាកាសយានដ្ឋាន អ៊ូតាប៉ៅ ក្នុងខេត្តរ៉ាក់យ៉ង គម្រោងផ្លូវរថភ្លើងល្បឿនលឿន ២២៤ ពាន់លានបាត តភ្ជាប់ពីដុនមឿង ព្រលានយន្តហោះសុវណ្ណភូមិ ព្រលានយន្តហោះអ៊ូតាប៉ៅនៅទីក្រុងបាងកក សាមុតប្រាកាន និងរ៉ាក់យ៉ង និង ៨៤ ពាន់លានបាត ទៅលើការអភិវឌ្ឍដំណាក់កាលទីបី នៅកំពង់ផែសមុទ្រឡាមចាបាង ខេត្តឆុនបូរី។

យ៉ាងណាមិញចំពោះទឹកប្រាក់ដែលត្រូវចំណាយក្នុងការសាងសង់ទាំងអស់ ខាងប្រទេសថៃនិងចិនកំពុងចរចានៅលើសំណើដើម្បីស្វែងរកប្រាក់កម្ចីពីធនាគារចិនក្នុងអត្រាការប្រាក់ ២.៣% ដែលភាគីថៃគិតថាខ្ពស់ពេក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកិច្ចសន្យាសម្រាប់គម្រោងរថភ្លើងល្បឿនលឿនភ្ជាប់អាកាសយានដ្ឋានត្រូវបានគេរំពឹងថានឹងត្រូវចុះហត្ថលេខានៅខែនេះ។ ខណៈដែលក្រុមហ៊ុនដែលដឹកនាំដោយក្រុមហ៊ុន CP បានឈ្នះការដេញថ្លៃដើម្បីសាងសង់ផ្លូវដែកភ្ជាប់ព្រលានយន្តហោះទាំង ៣ ដែលជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍របស់សហគមន៍សេដ្ឋកិច្ចអាស៊ាន៕

អត្ថបទ៖ លីនី