ថៃ៖ ក្រសួងថាមពលថៃគ្រោងនឹងប្រើថវិកាចំនួន ១.៥ ពាន់លានបាត (ប្រហែល ៤៩ លានដុល្លារអាមេរិក) ពីមូលនិធីប្រេងរបស់រដ្ឋដើម្បីគាំទ្រដល់តម្លៃប្រេងក្នុងស្រុកដែលរំពឹងថា នឹងកើនឡើង ១ បាតក្នុងមួយលីត្រក្នុងរយៈពេលខ្លី បន្ទាប់ពីទីតាំងផ្គត់ផ្គង់ប្រេងជាសកលរបស់ ប្រទេសអារ៉ាប់ប៊ីសាអូឌីតរងការវាយប្រហារដោយដ្រូនកាលពីថ្ងៃទី ១៤ ខែកញ្ញាថ្មីៗនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាបច្ចុប្បន្នក្រសួងកំពុងត្រួតពិនិត្យ និងតាមដានតម្លៃប្រេង នៅលើពិភពលោក ដើម្បីកំណត់ថាតើផលប៉ះពាល់រយៈពេលខ្លី ឬ យ៉ាងណា?
ទន្ទឹមនឹងនេះប្រទេសថៃមានប្រេងបម្រុងសរុបចំនួន ៣.៣៧ ពាន់លានលីត្រ ដែលអាចប្រើប្រាស់បានរយៈពេល ៥៤ ថ្ងៃ និងហ្គាសចំនួន ១៣១ លានគីឡូក្រាមសម្រាប់ប្រើប្រាស់រយៈពេល ២៣ ថ្ងៃ។ ដោយជាធម្មតាប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះនាំចូលប្រេងឆៅប្រហែល ១ លានបារ៉ែលពីបរទេសដែលក្នុងនោះ ១៧០,០០០ បារ៉ែលត្រូវបានដឹកចេញពីប្រទេសអារ៉ាប់ប៊ីសាអូឌីតដែលស្មើនឹង ១៦% នៃចំនួនសរុបក្នុងមួយថ្ងៃ៕

អត្ថបទ៖ លីនី


