យោងតាមរដ្ឋមន្រ្តីការិយាល័យការបរទេស និងសហប្រជាជាតិសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលោកស្រី Heather Wheeler បានឲ្យដឹងថារដ្ឋាភិបាលចក្រភពអង់គ្លេសនឹងបន្តនូវគម្រោងអនុគ្រោះពាណិជ្ជកម្មសម្រាប់ប្រទេសកម្ពុជាបើទោះបីជាបានដកខ្លួនចេញពីសហភាពអឺរ៉ុបនាពេលអនាគតក៏ដោយ។ ការផ្តល់ប្រព័ន្ធនុគ្រោះពន្ធពីប្រទេសមហាអំណាចអង់គ្លេស បានរួមចំណែកជួយអភិវឌ្ឍន៍កម្ពុជា ហើយកម្ពុជានឹងទទួលបានផលប្រយោជន៍បន្ថែមទៀតកាន់តែច្រើនឡើង។
នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាកាលពីថ្ងៃទី ១៧ ខែកញ្ញាកន្លងទៅនេះ លោកស្រី Heather Wheeler បានប្រកាសយ៉ាងមុតមាំថាបើទោះបីជាចក្រភពអង់គ្លេស បានដកខ្លួនចេញពីសហភាពអឺរ៉ុបក៏ដោយចក្រភពអង់គ្លេសនឹងបន្តផ្តល់ជូននូវគម្រោងអនុគ្រោះពាណិជ្ជកម្មដល់ប្រទេសកម្ពុជានិងប្រទេសចំនួន ៤៨ ផ្សេងទៀតដែលមានការអភិវឌ្ឍន៍តិចតួចនៅឡើយ។
គួរបញ្ចាក់ផងដែរថាកន្លងមកទំនិញដែលកម្ពុជានាំចេញទៅកាន់ប្រទេសមហាអំណាចអង់គ្លេស រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង កង់ អង្ករ និងផលិតផលកសិកម្មផ្សេងៗទៀតផងដែរ៕
អត្ថបទ៖ លីនី


