ការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបន្លាយពេលយូរ និងគ្រោះទឹកជំនន់ដែលបានវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្តភាគឦសានប្រទេសថៃអាចនឹងធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅឆ្នាំក្រោយ។ ទន្ទឹមនឹងនេះប្រធានសមាគមទេសចរណ៍ក្នងស្រុក (ADT) បានឲ្យដឹងដូចគ្នាថា ឧស្សាហកម្មទេសចរណ៍ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះក្នុងត្រីមាសចុងក្រោយ និងពេញមួយឆ្នាំក្រោយដោយសារតែវិបត្តិទាំងពីរនេះ។
ជាមួយគ្នានេះដែរចំនួនភ្ញៀវទេសចរនៅខេត្តភាគឦសាននឹងធ្លាក់ចុះ ២%-៣% ដោយសារតែទឹកជំនន់បានវាយប្រហារតំបន់នោះអស់រយៈពេលជាច្រើនសប្ដាហ៍ បើទោះបីជារដូវកាលនេះជារដូវកាលដែលមានភ្ញៀវទេសចរច្រើនយ៉ាងណាក៏ដោយ។ ទឹកជំនន់បានកើតឡើងស្របពេលជាមួយនឹងការចាប់ផ្ដើមនៃផែនការរបស់រដ្ឋាភិបាល ក្នុងការផ្ដល់ជូនជាសាច់ប្រាក់ និងប្រាក់បង្វិល ១,០០០ បាតសម្រាប់អ្នកទេសចរក្នុងស្រុក។
ដោយឡែកប្រធានសហព័ន្ធទេសចរណ៍ថៃ (TFOPTA) បានបង្ហាញថាភ្ញៀវទេសចរនឹងនៅតែមកលេងប្រទេសថៃក្នុងរដូវកាលនេះ ប៉ុន្តែអត្រាកំណើននឹងនៅដដែល ឬ កើនឡើងបន្តិចបន្តួច ជាពិសេសនៅភាគខាងត្បូង និង ខាងជើងដោយសារកត្តាខាងក្នុង និងខាងក្រៅកំពុងធ្វើឲ្យមានការជម្រុញក្នុងការធ្វើដំណើរ និងចំណាយ។ ជាក់ស្ដែងស្ថានភាពទូទៅនៅភាគខាងត្បូងហាក់ដូចជាមានភាពប្រសើរឡើងដោយចំនួនភ្ញៀវទេសចរបានកើនឡើងប្រហែល ១០% នៅក្នុងខែសីហាកន្លងមក។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយដើម្បីលើកទឹកចិត្តប្រជាជនថៃឲ្យធ្វើដំណើរកាន់តែច្រើននៅក្នុងស្រុក TAT កំពុងរួមកម្លាំងជាមួយតំបន់ដែលបានកំណត់សម្រាប់រដ្ឋបាលទេសចរណ៍ប្រកបដោយនិរន្តរភាព (Dasta) , ADT និង TFOPTA ក្នុងការបង្កើតវេទិកាទេសចរណ៍តាមអ៉ីនធឺណេត ដើម្បីលើកកម្ពស់វេទិកានេះទាំងនៅក្នុងបណ្តាញ និងក្រៅបណ្តាញអ៊ីនធឺណេត ដោយប្រតិបត្តិករចន្លោះពី ១២០ ទៅ ១៥០ នាក់ផ្តល់ជូនកញ្ចប់ដំណើរកម្សាន្តចំនួន ៣០០ ក្នុងនោះ ១០០ អាចទិញបានតាមអ៉ីនធឺណេត។ ហើយប្រតិបត្តិការចំនួន ១.២ លានបាតត្រូវបានគេរំពឹងថានឹងត្រូវបានបង្កើតឡើងក្នុងមួយថ្ងៃតាមរយៈវេទិកានេះ៕

អត្ថបទ៖ លីនី


