យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយដែលធ្វើឡើងដោយក្រុមហ៊ុន Cisco ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោកបានឲ្យដឹងថាការផ្តល់សេវាអ៉ីនធឺណេតឥតខ្សែ 5G អាចជួយបង្កើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រតិបត្តិករទូរគមនាគមន៍ថៃរហូតដល់ ១.១ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ។ ការសិក្សាដែលមានចំណងជើងថា “ 5G ក្នុងអាស៊ានរៀបចំឡើងវិញនូវកំណើនសហគ្រាស និងទីផ្សារអ្នកប្រើប្រាស់ ” រំពឹងថាការជ្រៀតចូលរបស់ 5G នឹងមានប្រហែល ២៥-៤០% នៅក្នុងប្រទេសធំៗ ក្នុងតំបន់នៅឆ្នាំ ២០២៥ ។
ក្នុងនោះនៅទូទាំងពិភពលោក 5G នឹងត្រូវបានដាក់ពង្រាយនៅលើបណ្ដាញជាច្រើនដោយបណ្ដាញចំនួន ៣ ដែលមានសារៈសំខាន់នឹងត្រូវបានដាក់ពង្រាយនាពេលខាងមុខនេះដូចជា បណ្ដាញទាប (៧០០ មេហ្គាហឺត) បណ្ដាញកណ្តាល (៣.៥ ទៅ ៤.២ ជីហ្កាហឺត) និងបណ្ដាញខ្ពស់ (២៤ ដល់ ២៨ ជីហ្គាហឺត)។ ជាមួយគ្នានេះដែរប្រទេសថៃនឹងស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលនឹងចាប់ផ្ដើមផ្ដល់សេវា 5G នៅឆ្នាំ ២០២១ ដោយការលក់ និងការប្រើប្រាស់នឹងកាន់តែកើនឡើងនៅពេលដែលឧបករណ៍ដែលទាក់ទងនឹង 5G មានតម្លៃសមរម្យ។
ទន្ទឹមនឹងនេះការសិក្សាបាននិយាយថាប្រទេសសិង្ហបុរីត្រូវបានគេរំពឹងថានឹងនាំមុខគេដោយចាប់ផ្តើមដំណើរការ 5G ក្នុងឆ្នាំ ២០២០ បន្ទាប់មកគឺ ប្រទេសហ្វីលីពីន ម៉ាឡេស៊ី និងថៃ។ ហើយនៅឆ្នាំ ២០២៥ ប្រតិបត្តិករនៅក្នុងតំបន់អាស៊ានអាចមានសក្តានុពលប្រាក់ចំណូលបន្ថែមដែលមិនមានការរាំងស្ទះប្រចាំឆ្នាំពី ៤.៣ ទៅ ៥.៨ ពាន់លានដុល្លារ ខណៈដែលប្រទេសឥណ្ឌូនេស៊ីមានសក្តានុពលបំផុតបន្ទាប់មក គឺថៃ និងម៉ាឡេស៊ី៕

អត្ថបទ៖ លីនី


