គិតត្រឹមឆ្នាំ ២០១៨ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជាសម្រេចបានទឹកប្រាក់ ៦,៤៥៧ លានដុល្លារអាមេរិកកើនឡើង ១៥%
សេដ្ឋកិច្ច September 18, 2019 Chan Sreyny

នៅក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះយើងសង្កេតឃើញថាការវិនិយោគពីប្រទេសចិននៅក្នុងប្រទេសកម្ពុជាមានការកើនឡើងស្ទើរតែគ្រប់វិស័យគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងនៅក្នុងឱកាសបើកវេទិកាវិនិយោគកម្ពុជា-ចិន ដែលរៀបចំឡើងកាលពីថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញថា​ ការដោះដូរពាណិជ្ជកម្មទ្វេភាគីនៅក្នុងឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ ៦,៤៥៧ លានដុល្លារអាមេរិកកើនឡើង ១៥% បើធៀបនឹងឆ្នាំ២០១៧។

លើសពីនេះ កម្ពុជាបានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅតាមទីក្រុងធំៗរបស់ប្រទេសចិន និងបានចុះហត្ថលេខាលើលិខិតប្តូរសារជាមួយភាគីចិន ដើម្បីទទួលបានការលើកលែងពន្ធ ៩៧% នៃបន្ទាត់ពន្ធគយសរុបផងដែរ​។ យ៉ាងណាមិញរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំ សិរីរតន៍ បានអំពាវនាវឱ្យប្រតិភូធុរជនចិនខេត្តសានស៊ី ចូលមកវិនិយោគនៅកម្ពុជាថែមទៀត និងបានសន្យាផ្តល់ជូននូវលក្ខខណ្ឌវិនិយោគ ជាមួយកិច្ចសម្របសម្រួលផ្នែក ពាណិជ្ជកម្មល្អបំផុត ដើម្បីលើកស្ទួយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ផ្តួចផ្តើមដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕

អត្ថបទ៖ លីនី