ម៉ាឡេស៊ីកំពុងរូតរះស្វែងរកការវិនិយោគ ពីជំនួញដែលផ្លាស់ប្ដូរទីតាំងផលិតកម្មរបស់ខ្លួនពីប្រទេសចិនដោយសារជម្លោះពាណិជ្ជកម្មប្រជែងថៃ និងវៀតណាម
សេដ្ឋកិច្ច September 18, 2019 Chan Sreyny

ខណៈពេលដែលចំនួននៃការផ្លាស់ប្ដូរទីតាំងផលិតកម្មរបស់អាជីវកម្មអាមេរិក និងចិនចេញពីប្រទេសចិនកាន់តែកើនឡើង បន្ទាប់ពីប្រទេសមហាសេដ្ឋកិច្ចធំៗទាំងពីរបានដាក់ពន្ធលើគ្នាទៅវិញទៅមក ប្រទេសម៉ាឡេស៊ីបានបង្កើតគណៈកម្មាធិការមួយ ដើម្បីទាក់ទាញការវិនិយោគឲ្យបានកាន់តែច្រើន ខណៈដែលប្រទេសនេះកំពុងស្វែងរកជំនួញដែលរងផលប៉ះពាល់ដោយជម្លោះពាណិជ្ជកម្ម។ ដោយនៅក្នុងខែនេះម៉ាឡេស៊ីបានចុះកិច្ចព្រមព្រៀងលើសំណើរថ្មីដែលមានតម្លៃជាង ៥០០ លានដុល្លារអាមេរិកផងដែរ។

យោងតាមប្រសាសន៍រដ្ឋមន្រ្តីរដ្ឋាភិបាលបានដឹងថាគណៈកម្មាធិកាជាតិថ្មីសម្រាប់ការវិនិយោគទី១ (NCII) មានគោលបំណងលើកទឹកចិត្តដល់ការវិនិយោគនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបីនៅអាស៊ីអាគ្នេយ៍នេះ។ ដោយក្នុងកិច្ចប្រជុំលើកដំបូងរបស់ខ្លួន ម៉ាឡេស៊ីបានអនុម័តលើការវិនិយោគដែលមានតម្លៃ ២.២ ពាន់លានរីងហ្គីតថែមទៀត។ យ៉ាងណាមិញប្រទេសនេះអាចនឹងជួបប្រទះផលវិបាកមួយចំនួន ខណៈពេលដែលប្រទេសវៀតណាមត្រូវបានគេមើលឃើញថាជាអ្នកទទួលផលធំបំផុតនៃអាជីវកម្មដែលផ្លាស់ប្តូរទីតាំង ដើម្បីគេចចេញពីពន្ធគយខ្ពស់របស់អាមេរិកលើទំនិញដែលផលិតនៅក្នុងប្រទេសចិន ស្របទៅនឹងប្រទេសថៃក៏បានណែនាំកញ្ចប់លើកទឹកចិត្តដើម្បីទាក់ទាញការផ្លាស់ប្ដូរទីតាំងដូចគ្នា។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ​ការវិនិយោគផ្ទាល់ពីបរទេស (FDI) មកកាន់ប្រទេសម៉ាឡេស៊ីបានកើនឡើងជិតទ្វេដងដល់ ៥០ ពាន់លានរីងហ្គីតនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលក្នុងនោះជាងពាក់កណ្តាលបានមកពីផលិតកម្ម ហើយគេសង្ឃឹមថានឹងមានការកើនឡើងកាន់តែខ្លាំងថែមទៀតនៅក្នុងឆមាសទី ២ នៃឆ្នាំនេះ។ មិនតែប៉ុណ្ណោះការវិនិយោគរបស់អាមេរិកនៅឆមាសទីមួយនៃឆ្នាំ ២០១៩ មានរហូតដល់ ៥.៦២ ពាន់លានដុល្លារ ខណៈដែលចំនួននៃការដាក់ពាក្យសុំវិនិយោគពីប្រទេសចិនបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលធ្វើឲ្យការវិនិយោគផ្ទាល់ពីបរទេសរបស់ខ្លួនអាចនឹងកើនឡើងក្នុងរយៈពេល ៦ ខែចុងក្រោយបន្ទាប់ពីបានធ្លាក់ចុះដល់ ៥.១ ពាន់លានរីងហ្គីតនៅក្នុងឆមាសទីមួយពី ៥.៦៩ ពាន់លានរីងហ្គីដកាលពីឆ្នាំមុន៕

អត្ថបទ៖ លីនី