រឿងរ៉ាវជីវិតរបស់លោក Nikola Tesla ៖ តើគំនិតដ៏ល្អស្អាតស្អំមួយ បានបង្កើតអនាគតឲ្យទៅជាយ៉ាងណា ?
គំនិតអប់រំ September 18, 2019 Chan Sreyny

លោក Nikola Tesla កើតនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ​ ១៨៥៦ នៅក្រុង Smiljan ប្រទេស Croatia ជាកូនទី៤ ក្នុងចំណោមបងប្អូន ៥ នាក់ដែលមានម្ដាយជាដូនជី និងឪពុកជាអ្នកច្នៃប្រឌិត។ នៅថ្ងៃដែលគាត់កើត គឺជាថ្ងៃចម្លែកដែលមានព្យុះរន្ទះយ៉ាងខ្លាំងដែលម្ដាយឪពុកគាត់មិនធ្លាប់ជួបប្រទះពីមុនមក។ ចូលដល់វ័យសិក្សា Nikola Tesla បានចូលរៀនៅសាលាបឋមសិក្សានៅឯស្រុកកំណើតរបស់គាត់ហើយត្រូវបានណែនាំឱ្យរៀនមុខវិជ្ជានព្វន្ធ និងសាសនា។

ពីរបីឆ្នាំក្រោយមកក្រុមគ្រួសាររបស់គាត់បានផ្លាស់ទៅរស់នៅទីក្រុងក្បែរ​នោះ ធ្វើឲ្យការអប់រំពិតប្រាកដរបស់គាត់ និងការបង្កើតចំណាប់អារម្មណ៍របស់គាត់បានចាប់ផ្តើមនៅពេលចូលថ្នាក់វិទ្យាល័យនៅ Karlovac ។ គាត់បានចាប់អារម្មណ៍នឹងអគ្គិសនី បន្ទាប់ពីគាត់បានឃើញការបង្ហាញមួយចំនួនដោយគ្រូរូបវិទ្យារបស់គាត់ ដែលគាត់គិតថាហាក់ដូចជាមន្តអាគមសម្រាប់គាត់ ហើយគាត់ចង់ដឹងបន្ថែមទៀតអំពីថាមពលអគ្គិសនី និងរបៀបដែលវាដំណើរការ រហូតបានបញ្ចប់ការសិក្សាមួយឆ្នាំមុនពេលចូលរៀននៅសាកលវិទ្យាល័យ។ អ្វីដែលកាន់តែពិសេស Nikola Tesla មានសមត្ថភាពពិសេសក្នុងការចងចាំ ដោយគាត់អាចទន្ទេញចាំគ្រប់សៀវភៅដែលជារូបភាព និងសូម្បីតែរចនាសម្ព័ន្ធពិតៗ។

មិនយូរប៉ុន្មានគាត់ និងគ្រួសារបានត្រលប់ទៅរស់នៅស្រុកកំណើតវិញ ក្នុងកំឡុងពេលនោះគាត់បានឆ្លងជំងឺអាសន្នរោគស្ទើរស្លាប់ស្ទើររស់ បណ្ដាលឲ្យគាត់ត្រូវសម្រាកនៅលើគ្រែអស់រយៈពេល ៩ ខែយ៉ាងវេទនា។ បន្ទាប់ពីជាសះស្បើយពីជំងឺគាត់បានចូលធ្វើជាកងទ័ព ដោយសារគាត់ចង់ទទួលបានការផ្លាស់ប្ដូរ និងការរីកចម្រើនខាងផ្លូវអារម្មណ៍ខ្លះៗ។ ក្នុងរយៈពេលជាកងទ័ពគាត់បានហ្វឹកហាត់ខ្លួនឯងដោយរត់ រុករកភ្នំនៅក្នុងប្រទេស ហើយបានអានសៀវភៅជាច្រើនដែលធ្វើឲ្យគាត់ជាសះស្បើយទាំងស្រុងទាំងរាងកាយ និងអារម្មណ៍។

ជីវិតហាក់ដូចជាប្រសើរឡើងនៅពេលដែលគាត់កំពុងសិក្សានៅសាកលវិទ្យាល័យ ដោយការស្វែងយល់របស់គាត់កាន់តែជ្រៅក្នុងមុខវិជ្ជាគណិតវិទ្យា និងរូបវិទ្យាជាហេតុធ្វើឲ្យការចាប់អារម្មណ៍ និងការចាប់ចិត្តស្រលាញ់ចំពោះអគ្គិសនីកាន់តែខ្លាំងឡើងៗ។ Nikola Tesla គឺជាសិស្សពូកែម្នាក់ដែលមករៀនមិនដែលខាន និងឆ្លងកាត់ការប្រលងដោយទទួលបានលទ្ធផលល្អ គាត់ឧស្សាហ៍ព្យាយាមណាស់ជាពិសេសចំពោះការរៀនសូត្រឥតឈប់ឈរ រហូតដល់ពេលខ្លះធ្វើឲ្យគ្រូរបស់គាត់ព្រួយបារម្ភ ហើយបានផ្ញើលិខិតទៅឪពុករបស់គាត់ ដើម្បីព្រមានគាត់ចំពោះការរៀនសូត្រដែលមិនមានពេលសម្រាកគ្រប់គ្រាន់នេះ។

ប៉ុន្តែនៅឆ្នាំ ១៨៧៩ ឪពុករបស់គាត់បានចែកឋានទៅ ហើយនោះបានជះឥទ្ធិពលដល់ Nikola Tesla ច្រើនជាងអ្វីទាំងអស់នៅក្នុងជីវិតដែលគាត់បានជួបប្រទះពីមុនមក។ គាត់ឈប់ខិតខំប្រឹងប្រែងក្នុងការរៀនសូត្រ ហើយជំនួសឲ្យការផ្តោតលើការអប់រំ គាត់បានជ្រើសរើសលេងល្បែង ដែលនាំឲ្យខាតបង់ប្រាក់យ៉ាងច្រើនរាប់ទាំងថ្លៃសិក្សារបស់គាត់ហើយទីបំផុតមិនបានបញ្ចប់ការសិក្សានោះទេ។ ក្រោយមកគាត់ក៏បានធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក ហើយក៏ទទួលបានការងារដំបូងនៅទីក្រុង Budapest នៅក្រុមហ៊ុនទូរស័ព្ទក្នុងនាមជាវិស្វករអគ្គិសនី ដោយបានចូលរួមចំណែកក្នុងអាជីវកម្មតាមវិធីជាច្រើន និងជួយឲ្យក្រុមហ៊ុនរីកចម្រើន។

នៅឆ្នាំ ១៨៨២ គាត់បានផ្លាស់ទៅនៅប៉ារីសហើយចាប់ផ្តើមធ្វើការនៅក្រុមហ៊ុន Continental Edison Company ហើយបានជួបជាមួយនឹងលោក Thomas Edison ដែលធ្វើឲ្យគាត់ដេកមិនលក់បក់មិនល្ហើយ។ ពីរឆ្នាំបន្ទាប់ពីនោះគាត់បានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកដោយសារអ្នកគ្រប់គ្រងរបស់គាត់ចង់ឲ្យគាត់នៅជាមួយហើយធ្វើការនៅទីនោះ។ គាត់បានធ្វើការនៅទីក្រុងញូវយ៉កអស់រយៈពេលប្រហែលមួយឆ្នាំ ហើយលោក​ Thomas Edison មានការស្ងើចសរសើរចំពោះគំនិត និងការច្នៃប្រឌិតរបស់គាត់ ប៉ុន្តែនៅពេលចែករំលែកជំនឿជាមួយគ្នាដោយបើកចំហ គាត់បែរជាត្រូវបានគេថាជាមនុស្សគ្មានបានការទៅវិញ។

យ៉ាងណាមិញបន្ទាប់ពីទទួលបានឱកាសក្នុងការអវិវឌ្ឍន៍ខ្លួនពី Thomas Edison ហើយបន្ទាប់ពីដឹងថាវិនិយោគិនដ៏ល្បីល្បាញកំពុងលេងសើចអំពីការខិតខំពិតប្រាកដរបស់ខ្លួន Nikola Tesla បានលាឈប់ពីទីនោះហើយមិនដែលងាកមើលក្រោយទេជាមួយនឹងពាក្យមួយឃ្លាថា៖ “ខ្ញុំមិនខ្វល់ថាពួកគេបានលួចគំនិតរបស់ខ្ញុំ … តែអ្វីដែលខ្ញុំខ្វល់គឺពួកគេមិនមានគំនិតផ្ទាល់ខ្លួន “។ មិនយូរប៉ុន្មានក្រុមហ៊ុន Tesla ត្រូវបានបង្កើតឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីបុរសពីរនាក់ជាមិត្តភក្កិរបស់ Nikola Tesla ដែលមានបទពិសោធមិនត្រឹមតែនៅក្នុងក្រុមហ៊ុនដែលកំពុងដំណើរការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដឹងពីរបៀបដើម្បីផ្សព្វផ្សាយការច្នៃប្រឌិត និងទទួលបានការវិនិយោគរបស់ពួកគេត្រឡប់មកវិញ។

អំឡុងពេលនោះការប្រជែងគ្នារវាង Thomas Edison និង Nikola Tesla កើតឡើងអស់រយៈពេលជាច្រើនឆ្នាំហើយត្រូវបានគេស្គាល់ថាជា “សង្រ្គាមដែលអូសបន្លាយពេលយូរ”។ ប៉ុន្តែទីបំផុតក្រុមហ៊ុន Tesla បានឈ្នះសង្គ្រាម និងបាននាំយកថាមពលអគ្គិសនីសម្រាប់សហរដ្ឋអាមេរិក។ ភាពជោគជ័យនេះបានកើតឡើងដោយសារការសហការគ្នារវាងលោក និង George Westinghouse ជាអ្នកច្នៃប្រឌិតជនជាតិអូស្រ្តាលីដែលបានកត់សម្គាល់ឃើញគំនិតដ៏អស្ចារ្យរបស់ក្រុមហ៊ុន Tesla បន្ទាប់ពីបានអានឯកសារមួយរបស់ Nikola Tesla។

ជាច្រើនឆ្នាំក្រោយមក Nikola Tesla បានបង្ហាញពីការបញ្ជូនវិទ្យុ ប៉ុន្តែមន្ទីរពិសោធន៍របស់គាត់ត្រូវបានបំផ្លាញបន្ទាប់ពីមានភ្លើងឆេះ ខណៈពេលដែលគាត់កំពុងរៀបចំសញ្ញាវិទ្យុពិតប្រាកដដំបូង។ គ្រានោះ Guglielmo Marconi អ្នកច្នៃប្រឌិត និងវិស្វករអគ្គិសនីមកពីប្រទេសអ៊ីតាលីបានយកគំនិតរបស់គាត់ហើយប្រើបច្ចេកវិទ្យាដូចគ្នា។ ការបង្កើតវិទ្យុនេះត្រូវបានគេផ្តល់កិត្តិយសដល់ Guglielmo Marconi មិនត្រឹមតែប៉ុណ្ណឹងទេលោកក៏បានឈ្នះរង្វាន់ណូបែលក្នុងឆ្នាំ ១៩០៩ ផងដែរ។ ហើយអ្វីដែលធ្វើឲ្យក្រុមហ៊ុន Tesla កាន់តែឈឺចាប់នោះគឺគំរោងទាំងមូលត្រូវបានឧបត្ថម្ភដោយ Thomas Edison ។ រឿងរ៉ាវទាំងនោះបានក្លាយជាជំម្លោះប្ដឹងផ្ដល់គ្នាលើតុលាការ ជាអកុសលការពិតបានកើតឡើងបន្ទាប់ពីមរណភាពរបស់លោក Nikola Tesla នៅពេលដែលតុលាការកំពូលរបស់សហរដ្ឋអាមេរិកបានទទួលស្គាល់ប៉ាតង់សម្រាប់វិទ្យុនេះជាគំនិតដើមរបស់ក្រុមហ៊ុន Tesla ។

មេរៀនពីរឿងរ៉ាវជីវិតរបស់ Nikola Tesla៖ យើងពិតជាមិនអាចប្រកែកបាននោះទេ ព្រោះតែភាពខុសប្លែកពីគេទាំងប្រាជ្ញា និងគោលបំណង របស់លោក Nikola Tesla បានធ្វើឲ្យរឿងរ៉ាវជីវិតខ្លួនប្រែក្លាយជារឿងដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង។ គាត់ធ្លាប់ធ្វើការ ៨៤ ម៉ោងជាប់គ្នាដោយមិនសម្រាកសូម្បីតេពេលយប់ នោះគឺជាការងប់ងល់ចំពោះការងារដែលគាត់កំពុងធ្វើ។ គាត់និយាយ ៨ ភាសាហើយបានលាចាកពីពិភពលោកដោយមានប៉ាតង់ជាង ៣០០ តែគាត់សារភាពថាគាត់មិនដែលខ្វល់អំពីលុយទេ ផ្ទុយទៅវិញច្បាប់រូបវិទ្យាជាសាសនារបស់គាត់។ អ្នកច្នៃប្រឌិតដ៏ឆ្នើមជឿជាក់ថា ការព្យាយាមអស់ពីសមត្ថភាពនឹងបង្កើតអនាគតកាន់តែប្រសើរ។ គុណធម៌ និងការបរាជ័យរបស់យើង គឺមិនអាចកាត់ផ្តាច់បានទេ ប្រៀបដូចជាកម្លាំង និងរូបធាតុ នៅពេលដែលពួកគេបែកគ្នា មនុស្សនឹងមិនមានទៀតទេ៕

អត្ថបទ៖ លីនី