ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ត្រូវបានជាប់ជាសមាជិកនៃក្រុមមនុស្សដែលមានភាពវ័យឆ្លាតលើពិភពលោក Mensa បន្ទាប់ពីបានដឹងថានាងមាន IQ ខ្លាំងជាងលោក Albert Einstein និង Stephen Hawking ទៅទៀត។ យុវតី Olivia Manning មកពីទីក្រុង Liverpool ប្រទេសអង់គ្លេស បានទទួលពិន្ទុខ្ពស់បំផុតក្នុងការធ្វើតេស្ត IQ រហូតដល់ ១៦២ ពិន្ទុ ខ្ពស់ជាងមធ្យម ១០០ ពិន្ទុ។
ពិន្ទុរបស់នាងមិនត្រឹមតែជាពិន្ទុដែលល្អជាងរូបវិទូអាល្លឺម៉ង់ Albert Einstein និងសាស្រ្តាចារ្យ Stephen Hawking ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យនាងស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់បំផុតមួយភាគរយនៃមនុស្សឆ្លាតវៃនៅលើពិភពលោក។ លើសពីនេះបច្ចុប្បន្ន Olivia Manning កំពុងទទួលបានភាពល្បីល្បាញ និងក្លាយជាសិស្សដែលមានទេពកោសល្យដ៏ពូកែបំផុតនៅក្នុងសាលារបស់នាង North Liverpool Academy នៅក្នុងតំបន់ Everton ។
ជាមួយគ្នានេះនាងបាននិយាយថា៖ « មានមនុស្សជាច្រើនកំពុងមករកខ្ញុំសុំជំនួយក្នុងកិច្ចការផ្ទះរបស់ពួកគេ។ ខ្ញុំចូលចិត្តធ្វើអ្វីដែលប្រកួតប្រជែង ដែលធ្វើឲ្យខ្ញុំបង្កើនគំនិតបានច្រើន »។ បន្ថែមពីនេះនាងបានសារភាពថាខ្លួនពិតជាមានសមត្ថភាពក្នុងការស្រូបយក និងចងចាំព័ត៌មានថ្មីៗយ៉ាងឆាប់រហ័ស ប៉ុន្តែបានសារភាពថានៅពេលនាងបានឃើញពីពិន្ទុរបស់ខ្លួន នាងហាក់ដូចជាភ្លេចភ្លាំងរកអ្វីនិយាយមិនបានដោយសារក្ដីរំភើប៕


អត្ថបទ៖ លីនី


