រដ្ឋមន្ត្រីពាណិជ្ជកម្មដាក់ចេញនូវសំណើរ ៤ ចំណុច ក្នុងការពង្រឹងអភិបាលកិច្ចល្អ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឯកជន និងធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចជាតិ
សេដ្ឋកិច្ច September 17, 2019 Chan Sreyny

ភ្នំពេញ៖ នៅក្នុងពិធីបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៤ លើកទី១ ដែលរៀបចំឡើងនៅទីស្នាក់ការសភាពាណិជ្ជកម្មកម្ពុជាកាលល្ងាចថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមវត្តមានចូលរួមពីពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល សមាជិក សមាជិកានៃសភាពាណិជ្ជកម្មរាជធានី-ខេត្ត ប្រមាណជាង ១០០នាក់។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានធ្វើការអបអរសាទរចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិថ្មី និងបានសំណូមពរដល់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាសភាពាណិជ្ជកម្មទាំងអស់ ពង្រឹងកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលថែមទៀត ដើម្បីដើម្បីនាំមកនូវវឌ្ឍនភាព និងវិបុលភាព នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់។

ថ្លែងនៅក្នុងពិធីឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងពី​វឌ្ឍនភាពផ្នែកសង្គមសេដ្ឋកិច្ច និងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបាន ធ្វើឲ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញមួយនៅក្នុងតំបន់ ដែលរួមចំណែកយ៉ាងសំខាន់ ដល់ការបង្កើតឱកាសការងារ និងការកាត់បន្ថួយភាពក្រីក្រ ហើយបានប្រែក្លាយពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងជាខ្លាថ្មីនៅអាស៊ី។

ទន្ទឹមគ្នានោះដែរ ដើម្បីធានាដល់ការលូតលាស់នៃវិស័យពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្តល់នូវអនុសាសន៍ចំនួន ៤ ដល់សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី/ខេត្ត ដូចខាងក្រោម៖
១. ត្រូវខិតខំស្វែងរក និងទាក់ទាញអ្នកវិនិយោគ ឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាថែមទៀត ក្នុងនោះត្រូវខិតខំរៀបចំបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅតាមតំបន់ រឺប្រទេសណាមួយ ដែលមានប្រជាជនកម្ពុជារស់នៅច្រើន។
២. ត្រូវនៅជិតអាជីវករដែលជាសមាជិកធម្មតា ដើម្បីដឹងពីសុខទុក្ខ ឬបញ្ហាប្រឈម ដោយទទួលយកសំណូមពរនានា ដើម្បីផ្តល់ជាអនុសាសន៍ជូនរាជរដ្ឋាភិបាល ហើយត្រូវលើកកម្ពស់ការយល់ដឹងរបស់ពួកគាត់ អំពីអត្ថប្រយោជន៍នៃការចូលរួមជាមួយសភាពាណិជ្ជកម្ម ដែលជាតំណាងឱ្យវិស័យឯកជន។
៣. ត្រូវធ្វើការផ្តល់ព័ត៌មាន និងសេវាផ្សេងៗឱ្យបានទាន់ពេលវេលា ដល់សមាជិក-សមាជិកា ដើម្បីធានាឱ្យដំណើរការមានភាពរលូន។
៤. ត្រូវពង្រឹងការយល់ដឹងរបស់សមាជិក-សមាជិកា អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងកាងាររគ្រប់គ្រងរដ្ឋបាល ឱ្យមានដំណើរការជាប្រចាំ ហើយត្រូវបន្តរៀបចំទីស្នាក់ការឱ្យបានច្រើនថែមទៀត ជាពិសេសនៅតាមបណ្តារាជធានី/ខេត្ត ដែលមិនទាន់មាន៕