ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលរបស់វៀតណាម កំពុងព្យាយាមជំរុញភាពជាដៃគូ
សេដ្ឋកិច្ច September 17, 2019 Chan Sreyny

កាលពីថ្ងៃទី១៦ ខែកញ្ញា​ ឆ្នាំ២០១៩ ថ្នាក់ដឹកនាំធនាគាររដ្ឋវៀតណាម (SBV) និងធនាគារជាតិនៃកម្ពុជាបានជួបប្រជុំគ្នាដើម្បីចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុ-ធនាគារ និងស្វែងរកមធ្យោបាយពង្រឹងបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលបុគ្គលិក។ ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះលោក ជា ចាន់តូ អភិបាលនៃធនាគារជាតិនៃកម្ពុជា បានកត់សម្គាល់ថាបន្ទាប់ពីធនាគារនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧៩ ធនាគារបានប្រឈមនឹងការលំបាកជាច្រើនទន្ទឹមនឹងកង្វះខាតបុគ្គលិក មូលធន និងលក្ខខណ្ឌផ្សេងទៀត។ ដោយលោកបានគូសបញ្ជាក់ថា ក្នុងរយៈពេលនោះធនាគារទទួលបានការគាំទ្រដ៏មានអត្ថប្រយោជន៍ពី (SBV) ក្នុងបច្ចេកវិទ្យាបណ្តុះបណ្តាលបុគ្គលិក ឧបករណ៍ និងការកសាងប្រព័ន្ធធនាគារ។

បន្ថែមពីនេះលោកក៏បានថ្លែងអំណរគុណដល់ធនាគាររដ្ឋវៀតណាម សម្រាប់ជំនួយដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា។ ខណៈដែលបច្ចុប្បន្ននេះធនាគារវៀតណាម​ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាមានចំនួន ៥ ដូចជា ធនាគារ BIDV, Agribank, MB, Sacombank និង SHB ។ ទន្ទឹមនឹងនេះដែរ​ទេសាភិបាលធនាគាររដ្ឋវៀតណាមបានបង្ហាញពីមោទនភាពក្នុងការចូលរួមចំណែកដល់ការលូតលាស់របស់ធនាគារជាតិកម្ពុជាដែលកំពុងទទួលបានការរីកចម្រើនគួឲ្យកត់សម្គាល់នៃសេដ្ឋកិច្ចកម្ពុជា។

យ៉ាងណាមិញធនាគាររដ្ឋវៀតណាមបានអះអាងថាចំពេលដែលសេដ្ឋកិច្ចពិភពលោកអាប់អួរជាមួយនឹងការអភិវឌ្ឍដ៏ស្មុគស្មាញ ភាពជាដៃគូរវាងធនាគារកណ្តាលទាំងពីរនឹងជួយជំរុញកំណើននៃប្រទេសទាំងពីរ។ ដោយចាប់តាំងពីសន្និសីទលើកចុងក្រោយក្នុងឆ្នាំ ២០១៨ នៅប្រទេសវៀតណាមភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍គ្នាលើបញ្ហាផ្សេងៗរួមមានអត្រាប្តូរប្រាក់ស្វ័យប្រវត្តិកម្មក្នុងការប្រមូល និងដំណើរការព័ត៌មានទីផ្សាររូបិយប័ណ្ណបរទេស និងការស្រាវជ្រាវក្នុងការអភិវឌ្ឍទីផ្សារផងដែរ៕

អត្ថបទ៖ លីនី