បុរសអ្នកជំនួញម្នាក់ទៅដណ្ដឹងកូនស្រីមហាសេដ្ឋីលំដាប់ទី២ លើពិភពលោក Bill Gates ស្ដាប់ទៅដូចជារឿងឆ្កួតលីលា តែបុរសនោះនៅតែអាចធ្វើបានដោយជោគជ័យ
គំនិតអប់រំ September 16, 2019 Chan Sreyny

រឿងខ្លី៖ គ្រាមួយបុរសអ្នកជំនួញម្នាក់ចង់ឲ្យកូនប្រុសរ​បស់ខ្លួនមានអនាគតល្អ ក៏រិះរកគ្រប់មធ្យោបាយដើម្បីឲ្យកូនប្រុសបានភា្ជប់សាច់ភ្ជាប់ឈាមជាមួយអ្នកជំនួញល្បីៗ​។ ថ្ងៃមួយបុរសជាឪពុកបាននឹកឃើញពីវិធីម្យ៉ាងក៏ទៅសួរនាំកូនរបស់គាត់ដូច្នេះថា៖

ឪពុក៖ ” កូនប្រុស! ប៉ាចង់ឲ្យកូនរៀបការជាមួយនារីម្នាក់ដែលប៉ាពេញចិត្ត និងពិតជាស័ក្កសមជាមួយកូនណាស់ ”
កូនប្រុស៖ ” ទេ!​ កូនមិនព្រម ”
ឪពុក៖ ” ប៉ុន្តែនារីម្នាក់នោះជាកូនស្រីរបស់មហាសេដ្ឋី Bill Gates “​
កូនប្រុស៖ ” អូ….អូខេខ្ញុំយល់ព្រម ”

បន្ទាប់ពីនិយាយព្រមព្រៀងគ្នាជាមួយកូនរួច បុរសជាឪពុកក៏បានទៅជួបជាមួយនឹង Bill Gates ហើយបាននិយាយពីគោលបំណងរបស់ខ្លួនថា៖

ឪពុក៖ ” ខ្ញុំចង់ឲ្យស្រីរបស់លោក រៀបការជាមួយនឹងកូនប្រុសរបស់ខ្ញុំ តើលោកយល់យ៉ាងណាដែរ? ”
Bill Gates ៖ ” ទេ! សុំទោសមិនអាចទៅរួចទេ ”
ឪពុក៖ ” ច្បាស់ចិត្តអត់? កូនប្រុសខ្ញុំជានាយាកប្រតិបត្តិនៃធនាគារ World Bank អ្នកអាចពិចារណាម្ដងទៀតបាន ”
Bill Gates៖ ” អូ….អូខេខ្ញុំយល់ព្រម ”

និយាយចប់បុរសជាឪពុកក៏ទៅជួបនឹងប្រធានធនាគារ World Bank ដើម្បចចារគ្នា៖

ឪពុក៖ ” ខ្ញុំចង់ឲ្យអ្នកតែងតាំងកូនប្រុសរបស់ខ្ញុំជានាយកប្រតិបត្តិនៃធនាគាររបស់អ្នក តើយល់យ៉ាងណាដែរ? ”
ប្រធានធនាគារ៖ ” ទេ! មិនអាចទៅរួចទេ ហើយក៏គ្មានផ្លូវដែរ ”
ឪពុក៖ ” ហេតុអ្វីថាមិនអាចទៅរួច! បើកូនប្រុសខ្ញុំជាកូនប្រសាររបស់មហាសេដ្ឋីលំដាប់ទី២ លើពិភពលោក Bill Gates ”
ប្រធានធនាគារ៖ ” អូ….អូខេខ្ញុំយល់ព្រម ” ។

ដំបូន្មាននៃរឿង៖ បុគ្គលដែលជោគជ័យក្នុងអាជីវកម្ម គឺជាមនុស្សដែ​លមានគំនិតឈ្លាសវៃ ហ៊ានប្រថុយប្រថាននឹងហានិភ័យ ទោះបីជាដឹងថាហានិភ័យខាងមុខធំប៉ុណ្ណាក៏ដោយ​ក៏មិនរាថយ ​អ្វីដែលសំខាន់សម្រាប់ពួកគេ ប្រសិនបើការប្រថុយប្រថានរបស់ពួកគេមិនទទួលបានផលចាត់ទុកជាបទពិសោធ តែបើបានផលវាជារឿងជោគជ័យមួយដើម្បីបោះជំហ៊ានទៅមុខទៀត៕​

អត្ថបទ៖ លីនី