សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ធ្វើឲ្យហ្វីលីពីនទទួលបានអត្ថប្រយោជន៍ជាច្រើននេះបើយោងតាមការពិនិត្យទិន្នន័យនាំចេញរបស់ប្រទេសនេះក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០១៩ ដោយអ្នកវិភាគ Maybank Kim Eng ។ ដោយសារភាពតានតឹងពាណិជ្ជកម្មសកលការនាំចេញរបស់ហ្វីលីពីនទៅសហរដ្ឋអាមេរិក និងចិនបានកើនឡើង ៩.២% ពីមួយឆ្នាំទៅមួយឆ្នាំគិតចាប់ពីខែមករា ដល់ ខែកក្កដា។
ជាមួយគ្នានេះដែរហ្វីលីពីនបានផ្គត់ផ្គង់ទំនិញចំនួន ៣.៩% បន្ថែមទៀតដល់សហរដ្ឋអាមេរិកក្នុងប្រភេទពាណិជ្ជកម្មដែលរងផលប៉ះពាល់ពីពន្ធគយលើផលិតផលចិនដែលភាគច្រើនទាក់ទងនឹងការផលិត។ ខណៈដែលប្រទេសចិនបានទិញទំនិញពីប្រទេសហ្វីលីពីនចំនួន ១.៣% បន្ថែមទៀតសម្រាប់ទំនិញដែលត្រូវបង់ពន្ធលើការនាំចូលរបស់សហរដ្ឋអាមេរិកទោះបីជាមានការធ្លាក់ចុះជារួមក្នុងការនាំចូលរបស់ចិនពីប្រទេសហ្វីលីពីនក៏ដោយ។
ក្នុងនោះចំពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្មការនាំចេញគ្រឿងអេឡិចត្រូនិកពីប្រទេសហ្វីលីពីនទៅកាន់ទីផ្សារទាំងពីរបានកើនឡើង រួមជាមួយការនាំចេញគ្រឿងបន្លាស់ម៉ាស៊ីនកែច្នៃទិន្នន័យស្វ័យប្រវត្តិទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងជិតទ្វេដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចេញស្រដៀងគ្នាទៅប្រទេសចិនមានការកើនឡើង ៦៩.៧% ។
បន្ថែមពីនេះហ្វីលីពីនក៏កំពុងផ្គត់ផ្គង់ទំនិញប្រើប្រាស់ដូចជាគ្រឿងសង្ហារឹមប្លាស្ទិកដែលនាំចេញទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ៧៤.៨% ហើយផលិតផលកសិកម្មដូចជាចេក និងម្នាស់ទៅកាន់ប្រទេសចិន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសេដ្ឋវិទូ Maybank Kim Eng បានបង្ហាញថាប្រទេសហ្វីលីពីនមិនគួរបណ្ដោយខ្លួនជាមួយលទ្ធផលដែលទទួលបាននាពេលបច្ចុប្បន្ននេះពេកទេ ព្រោះតាមការសេង្កេតឃើញនៅក្នុងខែសីហានេះការបញ្ជាទិញហាក់ដូចជានៅទន់ខ្សោយជាងមុន៕
អត្ថបទ៖ លីនី


