អាជីវកម្មធំៗរបស់ប្រទេសថៃ​ កំពុងរងផលប៉ះពាល់ពីសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន និងការកើនឡើងនៃប្រាក់បាត
សេដ្ឋកិច្ច September 16, 2019 Chan Sreyny

សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលកំពុងបន្តភាពតានតឹង និងការឡើងថ្លៃនៃប្រាក់បាតធៀបនឹងរូបិយប័ណ្ណដទៃទៀតក្នុងពេលបច្ចុប្បន្ននេះកំពុងចាប់ផ្ដើមជះឥទ្ធិពលដល់សាជីវកម្មធំៗ នៅក្នុងប្រទេសថៃ។ ជាក់ស្ដែងសង្គ្រាមពាណិជ្ជកម្មដែលអូសបន្លាយកំពុងចាប់ផ្តើម ជះឥទ្ធិពលដល់ប្រាក់ចំណូល និងការលក់របស់ពួកគេ ហើយការសងបំណុលរបស់អាជីវកម្មធំៗ នៅតែមានសន្ទុះកើនឡើង ទោះបីជាអាជីវកម្មទាំងនោះអាចទ្រាំទ្រនឹងផលប៉ះពាល់ណាមួយក៏ដោយ បើប្រៀបធៀបនឹងសហគ្រាសធន់តូច និងមធ្យម។

ម្យ៉ាងទៀតការធ្លាក់ចុះនៃតម្លៃប្រាក់យ័នរបស់ចិនធៀបនឹងប្រាក់បាតបានកាត់បន្ថយការនាំចេញពីប្រទេសថៃទៅប្រទេសចិនសម្រាប់ក្រុមហ៊ុនមួយចំនួន ដែលជាហេតុធ្វើឲ្យប្រាក់ចំណូលធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់សាជីវកម្មធំៗទាំងនោះ។ យ៉ាងណាមិញខាងធនាគារនៅក្នុងប្រទេសកំពុងយកចិត្តទុកដាក់ដល់អតិថិជន ដើម្បីធានាថាក្រុមហ៊ុនសាជីវកម្មធំៗមានសម្ថភាពក្នុងការសងបំណុលមកគាន់ធនាគារ ខណៈដែលបច្ចុប្បន្នប្រាក់កម្ចីដែលក្រុមហ៊ុនធំៗមិនទាន់ទូទាត់សងមានចំនួន ៩០០ ពាន់លានបាត។

ដោយហេតុនេះហើយក្រុមហ៊ុនធំៗមួយចំនួនបានពន្យាពេលក្នុងការវិនិយោគជាពិសេសសម្រាប់គម្រោងនៅបរទេស ដោយសារតែផលប៉ះពាល់នៃកំណើនសេដ្ឋកិច្ចយឺត និងសង្គ្រាមសេដ្ឋកិច្ចដែលកំពុងបន្តកើតឡើង។ បន្ថែមពីនេះអាជីវកម្មធំៗ មួយចំនួនបានចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់សមត្ថភាពរបស់ខ្លួនពីការប្រើប្រាស់ពេញលេញទៅប្រហែល ៧០% ហើយអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនក៏កំពុងពន្យាពេលការវិនិយោគរបស់ខ្លួននៅក្នុងគម្រោងថ្មីផងដែរ។

គួរបញ្ជាក់ផងដែរថាសង្គ្រាមពាណិជ្ជកម្ម និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលមានផលប៉ះពាល់ខ្លះដល់ក្រុមហ៊ុនធំៗ ដោយក្រុមហ៊ុនមួយចំនួនបានចាប់ផ្តើមផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេ ដើម្បីជៀសវាងផលប៉ះពាល់នៃការដំឡើងពន្ធគយ ខណៈក្រុមហ៊ុនធំៗអាចនាំចេញផលិតផលរបស់ពួកគេទៅកាន់ទីផ្សារថ្មី៕

អត្ថបទ៖ លីនី