យោងតាមមន្រ្តីសមាគមន៍ឈើ និងព្រៃឈើវៀតណាម (VIFORES) បានឲ្យដឹងថាប្រទេសវៀតណាមទំនងជាឈានដល់គោលដៅនាំចេញរបស់ខ្លួនចំនួន ១១ ពាន់លានដុល្លារអាមេរិកពីផលិតផលឈើ និងព្រៃឈើនៅឆ្នាំនេះ។ ក្នុងនោះរបាយការណ៍ពីរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានបង្ហាញថាតម្លៃនាំចេញឈើ និងផលិតផលព្រៃឈើក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០១៩ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៧.០៨ ពាន់លានដុល្លារកើនឡើង ១៨.៦% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងនោះមានចំនួន ១ ពាន់លានដុល្លារក្នុងខែសីហាកើនឡើង ១៦%។
ជាមួយគ្នានេះដែរទីផ្សារសំខាន់ៗក្នុងការនាំចេញផលិតផលឈើ និងព្រៃឈើរបស់វៀតណាមរួមមាន៖ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន ចិន និងសាធារណរដ្ឋកូរ៉េ។ ដោយការនាំចេញទៅកាន់សហភាពអឺរ៉ុបត្រូវបានគេរំពឹងថានឹងកើនឡើងដល់តម្លៃជាង ៧០០ លានដុល្លារនៅឆ្នាំនេះខ្ពស់ជាង ៦៨០ លានដុល្លារដែលសម្រេចបានកាលពីឆ្នាំ ២០១៨ ដោយសារតែគុណប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូស្ម័គ្រចិត្តស្តីពីការអនុវត្តច្បាប់ព្រៃឈើអភិបាលកិច្ចនិងពាណិជ្ជកម្ម (VPA / FLEGT) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អឺរ៉ុប (EVFTA)។
ដោយឡែកចំពោះការនាំចេញទៅប្រទេសជប៉ុន ត្រូវបានគេរំពឹងថានឹងកើនលើសសហគមន៍អឺរ៉ុបដោយឈានដល់ជាង ១ ពាន់លានដុល្លារអាមេរិក។ ខណៈដែលវៀតណាម គឺជាអ្នកផ្គត់ផ្គង់គ្រឿងសង្ហារឹម និងសម្ភារៈផ្ទះបាយធំជាងគេសម្រាប់ប្រទេសជប៉ុននៅឆមាសទីមួយនៃឆ្នាំនេះ ការនាំចេញឈានដល់ ១២,៨០០ តោនកើនឡើង ១៩.៨% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយគ្រឿងសង្ហារឹម និងសម្ភារៈផ្ទះបាយពីប្រទេសវៀតណាមមានចំនួន ៥៤.៤% នៃការនាំចូលគ្រឿងសរុបរបស់ជប៉ុន។
ទន្ទឹមនឹងនេះការនាំចេញទៅកាន់ទីផ្សារធំបំផុតនៃឧស្សាហកម្មឈើរបស់វៀតណាមគឺសហរដ្ឋអាមេរិកដែលតម្លៃនាំចេញឈើ និងផលិតផលឈើក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០១៩ មានចំនួន ២.៧ ពាន់លានដុល្លារកើនឡើង ៣២.៨% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។ មិនតែប៉ុណ្ណោះការនាំចេញទៅសហរដ្ឋអាមេរិកស្មើនឹង ៤៥% នៃតម្លៃនាំចេញសរុបរបស់ឧស្សាហកម្មនេះ ហើយអត្រាកំណើនជាមធ្យមនៃការនាំចេញទៅកាន់ទីផ្សារនេះគឺ ពីចន្លោះ ១៥% ទៅ ១៧% ជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ផងដែរថាដើម្បីបំពេញគោលដៅនេះរដ្ឋាភិបាលបានប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មរួមទាំងសហគ្រាសវិនិយោគក្នុងស្រុក និងបរទេសដើម្បីអភិវឌ្ឍនិងមានដំណោះស្រាយសម្រាប់ការក្លែងបន្លំប្រភពដើមនៅក្នុងឧស្សាហកម្មឈើ។ ខណៈដែលនាយកដ្ឋាននាំចូល និងនាំចេញរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានព្រមានថាការកើនឡើងយ៉ាងឆាប់រហ័សនៃការនាំចេញឈើ និងផលិតផលឈើរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្នអាចបណ្តាល ឱ្យសហរដ្ឋអាមេរិកយកចិត្តទុកដាក់បន្ថែមទៀតចំពោះការនាំចេញផលិតផលទាំងនោះទៅកាន់ទីផ្សារ។ ដូច្នេះសហគ្រាសក្នុងស្រុកដែលនាំចេញឈើ និងផលិតផលព្រៃឈើគួរតែធ្វើបច្ចុប្បន្នភាពព័ត៌មានយ៉ាងសកម្មពីដៃគូ និងអាជ្ញាធរដើម្បីចៀសវាងហានិភ័យនេះ៕

អត្ថបទ៖ លីនី


