យោងតាមទីភ្នាក់ងារព័ត៌មានពីប្រទេសថៃបានឲ្យដឹងថាកាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅនេះគណៈកម្មាធិការធនធានទឹកជាតិ (NWRC) បានអនុម័តគម្រោងគ្រប់គ្រងទឹកថ្មីធំៗចំនួន ៣ ដែលមានតម្លៃសរុបជាង ១៨ ពាន់លានបាត ( ៦០០ លានដុល្លារ )។ បច្ចុប្បន្នគម្រោងនេះកំពុងរងចាំការយល់ព្រមបើកការសាកល្បងដោយគណៈរដ្ឋមន្រ្តី។
ផ្អែកលើប្រសាសន៍របស់លោក Somkiat Prajumwong អគ្គលេខាធិការ NWRC គម្រោងទី១ គឺជាគម្រោង ” ស្ថាបនាសម្រាប់ការអភិវឌ្ឍ ” ដែលមានគម្រោងចំនួន ៦ នៅក្នុងនោះដែលត្រូវបានស្នើឡើងដោយអាជ្ញាធរដែនទឹកខេត្ត (PWA)។ គម្រោងនេះនឹងត្រូវចំណាយថវិកាប្រមាណ ១១ ពាន់លានបាត ហើយបន្ទាប់ពីគម្រោងបានបញ្ចប់ សមត្ថភាពផលិតទឹកស្អាតរបស់អាជ្ញាធរដែនទឹកខេត្ត នឹងកើនឡើងចំនួន ៣៣២,៤ ពាន់លានម៉ែត្រគូបក្នុងមួយថ្ងៃ។
ដោយឡែកគម្រោងទី២ គឺការសាងសង់ប្រព័ន្ធលូក្រោមដីដើម្បីបង្ហូរទឹកពីតំបន់ Khlong Phasi Charoen ជាមួយនឹង Khlong Sanam Chai ដែលមានតម្លៃ ៦.១៣ ពាន់លានបាត។ ដោយប្រពន្ធលូក្រោមដីថ្មីដែលមានឈ្មោះថា Khlong Phraya Ratchamontri ត្រូវបានសាងសង់ឡើងដើម្បីជួយពង្រឹងប្រព័ន្ធបង្ហូរទឹកនៅក្នុងស្រុក Thon Buri នៃទីក្រុងបាងកកដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២១ និងចំណាយពេល ៥ ឆ្នាំ ដើម្បីបញ្ចប់។
បន្ថែមពីនេះគម្រោងទី៣ គឺសំដៅទៅលើការលើកកម្ពស់សមត្ថភាពបង្ហូរទឹកនៃប្រឡាយនៅផ្នែកខាងក្រោមអាង Phetchaburi ដែលនឹងធ្វើឲ្យល្បឿននៃការបង្ហូរទឹកចូលទៅក្នុងឈូងសមុទ្រថៃកាន់តែប្រសើរឡើងជាងមុន ដោយគម្រោងនេះក៏គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២១ ហើយបញ្ចប់ក្នុងរយៈពេល ៥ ឆ្នាំក្រោយផងដែរ។ ក្រៅពីគម្រោងធំៗទាំងបីនេះ គណៈកម្មាធិការធនធានទឹកជាតិក៏បានចាប់ផ្តើមពិនិត្យមើលផែនការប្រតិបត្តិការសរុបចំនួន ៥៧,៩៧៥ ដែលបានព្រាងនៅក្រោមផែនការមេរបស់រដ្ឋាភិបាលថៃសម្រាប់ការគ្រប់គ្រងធនធានទឹក ហើយផែនការទាំងនេះនឹងត្រូវបានអនុវត្តនៅក្នុងឆ្នាំសារពើពន្ធ ២០២០ ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា។
គួរបញ្ជាក់ផងដែរថាគម្រោងគ្រប់គ្រងទឹកនេះត្រូវបានស្នើឡើងដោយអង្គការចំនួន ២៨ ដែលកំពុងអនុវត្តផែនការមេគ្រប់គ្រងធនធានទឹក ដោយត្រូវបានប៉ាន់ប្រមាណថានឹងត្រូវការការវិនិយោគរួមគ្នាចំនួន ៣១០ ពាន់លានបាត ( ១០ ពាន់លានដុល្លារ)។ បន្ថែមពីនេះគណៈកម្មាធិការធនធានទឹកជាតិ ក៏បានដោះស្រាយបង្កើតមជ្ឈមណ្ឌលថ្មីចំនួនពីរសម្រាប់ការគ្រប់គ្រងទឹកជាតិ ពោលគឺបញ្ជាការគ្រប់គ្រងទឹកពិសេសដើម្បីដោះស្រាយវិបត្តិទឹក និងអាងគ្រប់គ្រងទឹកជំនន់ផងដែរ៕

អត្ថបទ៖ លីនី


