អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងត្រូវពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដែលអាចមានសមត្ថភាពទទួលអ្នកដំណើរជាង ១០ លាននាក់ ស្របទៅនឹងកំណើនរបស់អ្នកដំណើរឆ្លងកាត់កើនឡើង ២១០% ដែលមានចំនួនអ្នកដំណើរ ៧៥៥ ០០០ នាក់ក្នុងឆមាសទី១ ឆ្នាំ២០១៩។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវល កាលពីថ្ងៃព្រហស្បតិ៍បានឯកភាពជាគោលការណ៍ផែនការមេ ស្តីពីការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
តាមផែនការមេ ស្ថានីយអ្នកដំណើរថ្មីនៃអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនេះ នឹងចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ ២០២០ ដោយដំណាក់កាលទី១ នឹងមានសមត្ថភាពទទួលអ្នកដំណើរ ៣,៦លាននាក់ ហើយនៅពាក់កណ្ដាលឆ្នាំ ២០២២ នឹងមានសមត្ថភាពទទួលអ្នកដំណើរបន្ថែមដល់ទៅជាង ១០លាននាក់ នៅដំណាក់កាលបន្តបន្ទាប់។
ក្រៅពីនេះ អាកាសយាដ្ឋានអន្តរជាតិនេះ ក៏កំពុងដំណើរការពង្រីកផ្លូវរត់ហោះហើរ ពី២៥០០ម៉ែត្រ ឲ្យដល់ ៣៣០០ម៉ែត្រ (៨០០ម៉ែត្របន្ថែម) ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២០ ដែលអាចទទួលបានការចុះចតយន្តហោះគ្រប់ប្រភេទ រួមទាំងខ្នាតធំ។ ដោយឡែក ហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗទៀត នៃអាកាសយានដ្ឋាននេះ ត្រូវបានពង្រឹង និងពង្រីកផងដែរ ដើម្បីឆ្លើយតបតាមកំណើននៃការហោះហើរក្នុងស្រុក និងអន្តរជាតិយ៉ាងជង្ហុកនាពេលបច្ចុប្បន្ន៕



អត្ថបទ៖ លីនី


