សហស្ថាបនិក Microsoft សារភាពថាគាត់ច្រណែននឹង Steve Jobs ដែលមានលក្ខណៈពិសេសមួយដែលអាចទទួលជោគជ័យគ្រប់ពេល
បុគ្គលជោគជ័យ September 13, 2019 Chan Sreyny

បើនិយាយពីអ្នកជំនួញផ្នែកបច្ចេកវិទ្យាធំៗនៃសតវត្សរ៍មុនលោក Bill Gates និង Steve Jobs សុទ្ធសឹងតែជាជើងខ្លាំងដូចគ្នា និងជាគូប្រកួតប្រជែងគ្នាយ៉ាងសហាវមួយ តែបានវិវឌ្ឍន៍ទៅជាមិត្តភាពដោយសារតែការគោរពគ្នាទៅវិញទៅមករហូតដល់លោក Steve Jobs បានទទួលមរណភាពក្នុងឆ្នាំ ២០១១។ ទោះបីធ្លាប់ជាសត្រូវពាណិជ្ជកម្មក៏ពិតមែន តែសហស្ថាបនិក Microsoft និងជាមហាសេដ្ឋីលំដាប់ទី២ របស់ពិភពលោកបានសរសើរស្ថាបនិកក្រុមហ៊ុន Apple នាពេលកន្លងមកចំពោះគុណភាពជាអ្នកដឹកនារបស់ Steve Jobs និងសមត្ថភាពមិនធម្មតាក្នុងការលើកទឹកចិត្តបុគ្គលិករបស់គាត់។ ដោយនៅក្នុងបទសម្ភាសន៍ថ្មីមួយជាមួយកាសែត The Wall Street Journal លោក Gates និយាយថា “ មានចរិកលក្ខណៈជាក់លាក់មួយរបស់ Jobs ដែលលោកនៅតែច្រណែននឹងគាត់ ” ។

ចំណុចពិសេសរបស់លោក Steve Jobs​ ដែលធ្វើឲ្យលោក Bill Gates ច្រណែននោះគឺ ឥទ្ធិពលក្នុងការនិយាយ ដោយសមត្ថភាពនិយាយជាសាធារណៈមានពីធម្មជាតិរបស់ Jobs បានធ្វើឲ្យមនុស្សគ្រប់គ្នាចូលចិត្ត សូម្បីតែការលក់ផលិតផលដ៏តូចមួយរបស់គាត់ ក៏គាត់អាចធ្វើបាន។ យើងអាចនិយាយបានថា Steve Jobs​ គឺជាមនុស្សទឹកមាត់ប្រៃ គ្រប់ពាក្យសម្ដី គ្រប់ការលើកឡើងរបស់គាត់តែងតែធ្វើឲ្យមនុស្សជុំវិញខ្លួន ជឿជាក់ និងយល់ស្រប ជាពិសេសបុគ្គលិករបស់គាត់តែម្ដង ដែលតែងតែទទួលបានការលើកទឹកចិត្តពី Jobs តាមរយៈពាក្យសម្ដី។

យ៉ាងណាមិញ អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft សង្ឃឹមថាលោកអាចធ្វើត្រាប់តាមអតីតមិត្តភក្តិ និងគូប្រជែងរបស់លោកក្នុងរឿងនោះ ជាពិសេសទាក់ទងនឹងការលើកកម្ពស់ការយល់ដឹងសម្រាប់បុព្វហេតុសប្បុរសធម៌ផ្សេងៗ ដែល Gates និងភរិយាក្លាយជាម្ចាស់ជើងឯកតាមរយៈមូលនិធិមិនស្វែងរកប្រាក់ចំណេញរបស់ពួកគេ។ ដោយលោកជឿជាក់ថាសមត្ថភាពរបស់ Jobs ក្នុងការលក់ផលិតផល ឬគំនិតណាមួយនឹងមានភាពងាយស្រួល ទោះបីជាលោក Gate បានខិតខំកែលម្អការនិយាយជាសាធារណៈក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកក៏ដោយ។ ហើយនេះមិនមែនជាលើកទីមួយទេដែលសហស្ថាបនិក Microsoft បានកោតសរសើរសមត្ថភាពរបស់ Jobs ក្នុងការធ្វើឲ្យមនុស្សនៅលើយល់ស្របនឹងចក្ខុវិស័យពិសេសរបស់គាត់៕

អត្ថបទ៖ លីនី