(រុស្ស៊ី)៖ នៅក្នុងសន្និបាតលើកទី២៣ របស់អង្គការទេសចរណ៍ពិភពលោក បានឲ្យដឹងថារយៈពេល ៦ខែ ដើមឆ្នាំ២០១៩នេះ ពិភពលោកទាំងមូលទទួលបានភ្ញៀវទេសចរប្រមាណ ៦៧១លាននាក់ កើនឡើង ៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។ សន្និបាតលើកទី២៣ របស់អង្គការទេសចរណ៍ពិភពលោក ត្រូវបានប្រារព្ធឡើងនៅទីក្រុងសេនភីតធឺរស្បឺក (Saint Petersburg) ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី០៩-១៣ ខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងសន្និបាតលើកទី២៣នេះ អង្គការទេសចរណ៍ពិភពលោក បានបង្ហាញអំពីកំណើនភ្ញៀវទេសចរពិភពលោកក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩ ដោយទទួលបានទេសចរប្រមាណ ៦៧១លាននាក់ ក្នុងកំណើន ៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។ ដោយក្នុងនោះកំណើនទេសចរដែលពិភពលោកទទួលបានរួមមាន៖ នៅតំបន់មជ្ឈិមបូព៌ាកើនឡើង ៨% នៅអាស៊ីប៉ាស៊ីហ្វិកកើនឡើង ៦% នៅទ្វីបអឺរ៉ុបកើនឡើង ៤% នៅទ្វីបអាហ្វ្រិកកើនឡើង ៣% និងនៅទ្វីបអាមេរិកកើនឡើង ២%។ រីឯនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តំបន់អាស៊ីទក្សិណ និងតំបន់អាស៊ីបូព៌ា ក៏មានការកើនឡើងចាប់ពី ១-៥% ផងដែរ។
បន្ថែមពីនេះទៅទៀតអង្គការទេសចរណ៍ពិភពលោកបានបញ្ជាក់ថា កត្តាដែលជំរុញឱ្យមានកំណើនទេសចរយ៉ាងដូច្នេះ ក៏ដោយសារមានការចូលរួមពីវិស័យពាក់ព័ន្ធមួយចំនួន ដូចជា ផលិតផលទេសចរណ៍ថ្មីៗត្រូវបានបង្កើតឡើង ការជួយសម្រួលមធ្យោបាយធ្វើដំណើររបស់ទេសចរ ពិសេសគឺការធ្វើដំណើរតាមផ្លូវអាកាស គួបផ្សំនឹងថ្លៃសំបុត្រជិះយន្តហោះក៏មានភាពសមរម្យជាងមុន ហើយទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ ក៏ត្រូវបានសម្របសម្រួលឱ្យភាពងាយស្រួលជាងមុនផងដែរ។ ដោយកំណើនទេសចរពិភពលោកនេះ គឺស្របទៅនឹងការរំពឹងទុករបស់អង្គការទេសចរណ៍ពិភពលោក ដែលបានព្យាករណ៍កាលពីឆ្នាំមុន ហើយក៏ជាចរន្តសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ពិភពលោកទាំងមូលផងដែរ។
ប៉ុន្តែទន្ទឹមនឹងការអបអរសាទរចំពោះកំណើននេះ អង្គការទេសចរណ៍ពិភពលោក ក៏មានការព្រួយបារម្ភអំពីផលប៉ះពាល់ដល់វិស័យទេសចរណ៍ ដែលបណ្ដាលមកពីវិបត្តិសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងមហាយក្សចិន ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប (Brexit) ព្រមទាំងបញ្ហាមួយចំនួនដែលកើតចេញពីបដិវត្តឧស្សាហកម្ម ៤.០ ផងដែរ៕





