ជប៉ុននឹងជួយកម្ពុជា ពង្រឹងអ្នកជំនាញទេសចរណ៍ឲ្យកាន់តែច្រើន ខណៈដែលការហោះហើរត្រង់ពីជប៉ុនមកសៀមរាប នឹងបើកដំណើរការនាចុងឆ្នាំ២០១៩
សេដ្ឋកិច្ច September 13, 2019 Chan Sreyny

ភ្នំពេញ៖ ស្របពេលដែលការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង​ធំៗមួយចំនួនរបស់ជប៉ុនមកកាន់ខេត្តសៀមរាបនាចុងឆ្នាំ ២០១៩ នេះ ចំនួនភ្ញៀវទេសចរជប៉ុន ព្រមទាំង​ទេសចរមកពីប្រទេសទី៣ នឹងមានការកើនឡើងកាន់តែច្រើននៅកម្ពុជា ដូច្នេះជប៉ុនបានប្ដេជ្ញាចិត្តជួយកម្ពុជា​ ពង្រឹងសមត្ថភាពអ្នកជំនាញទេសចរឲ្យកាន់តែច្រើន។

ដោយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន នឹងជួយកម្ពុជាបង្កើនការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសពង្រឹងសមត្ថភាពដល់អ្នកជំនាញទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ដើម្បីអភិវឌ្ឍសមត្ថភាពកាន់តែមានភាពជំនាញ ក្នុងការផ្តល់សេវាកម្មដល់ភ្ញៀវទេសចរជប៉ុនមកកាន់កម្ពុជា ដែលមានការកើនឡើងជាលំដាប់ ជាពិសេសដើម្បីត្រៀមទទួលភ្ញៀវទេសចរជប៉ុន ។

ជាក់ស្ដែងនាថ្ងៃទី១១ និងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន រួមជាមួយក្រសួងទេសចរណ៍កម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញភាសាជប៉ុនដល់អ្នកជំនាញទេសចរណ៍ ក្រោមអធិបតីភាពភាពឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការចូលរួមពីសំណាក់កញ្ញា Mizuho Kanda ប្រធានផ្នែកទទួលបន្ទុកទេសចរណ៍ និងជាតំណាងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សាស្រ្តាចារ្យនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុនយ៉ាម៉ាម៉ូតុ មន្រ្តីជំនាញ អ្នកជំនាញទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជាដែលនិយាយភាសាជប៉ុន សរុបប្រមាណ ១១៦នាក់។

គួរបញ្ជាក់ផងដែរថាសម្រាប់រយៈពេល៧ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣.៨លាននាក់ កើនឡើង ១១.១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដោយក្នុងនោះកម្ពុជាបានទទួលទេសចរជនជាតិជប៉ុនចំនួន ១១៣,១៥៩នាក់ កើនឡើងប្រមាណ ២.៦%។ តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ និងបង្កើតការងារដោយផ្ទាល់ជិត ១លាននាក់៕