សមាគមក្រុមហ៊ុនផលិតរថយន្តនៅប្រទេសវៀតណាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការលក់រថយន្តសរុបរបស់ប្រទេសវៀតណាមបានកើនឡើង ១៩.៥% ស្មើនឹងចំនួន ២០២,៥៦៧ គ្រឿងចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០១៩។ ជាក់ស្តែងការលក់រថយន្តដឹកអ្នកដំណើរបានកើនឡើង ៣១.៤% ស្មើនឹង ១៤៧,៧៧៨ គ្រឿង យានយន្តពាណិជ្ជកម្មដូចជារថយន្តដឹកទំនិញ និងរថយន្តក្រុងបានធ្លាក់ចុះ ១.៦% ស្មើនឹង ៥០,៩៩១ គ្រឿង។
ក្នុងខែសីហាតែមួយរថយន្តចំនួន ២១,៤៨៣ គ្រឿងដែលត្រូវបានលក់នៅក្នុងទីផ្សារប្រទេសវៀតណាមធ្លាក់ចុះ ១៩% បើធៀបនឹងខែកក្កដា និងកើនឡើង ៤% បើប្រៀបធៀបនឹងខែសីហាឆ្នាំ ២០១៨។ ខណៈដែលការលក់រថយន្ផលិតនៅក្នុងស្រុកបានកើនឡើង ១១% ហើយរថយន្តដែលនាំចូលបានធ្លាក់ចុះជាង ៦%។
ទន្ទឹមនឹងនេះក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០១៩ ប្រទេសវៀតណាមបានចំណាយប្រាក់ជាង ៤.៩ ពាន់លានដុល្លារអាមេរិក ក្នុងការនាំចូលគ្រោងរថយន្ត និងគ្រឿងបន្លាស់ដែលមានការកើនឡើង ៦០.៣% ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែងប្រទេសនេះបាននាំចូលរថយន្តដែលតម្លើងរួចចំនួន ៩៥,៩៦៩ គ្រឿងដែលមានតម្លៃជាង ២.១ ពាន់លានដុល្លារអាមេរិកកើនឡើង ២២៩% គិតជាបរិមាណ និងកើនឡើង ២០៥.៥% គិតជាតម្លៃ នេះបើយោងតាមការិយាល័យស្ថិតិទូទៅរបស់វៀតណាម៕
អត្ថបទ៖ លីនី


