ភ្នំពេញ៖ យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ បានឲ្យដឹងថាកម្ពុជាបានទទួលភ្ញៀវទេសចរចិនចំនួន ១.៥ លាននាក់ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០១៩ ពោលគឺកើនឡើង ៣៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាក់ស្ដែងរបាយការណ៍បានបង្ហាញថាប្រទេសចិននៅតែជាប្រភពធំបំផុតនៃភ្ញៀវទេសចរបរទេសដែលមកកំសាន្តនៅកម្ពុជាដែលមានចំនួន ៣៩% នៃចំនួនភ្ញៀវទេសចរបរទេសសរុបដែលមកកំសាន្តក្នុងអំឡុងពេលពីខែមករា ដល់កក្កដា។
យ៉ាងណាមិញរដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្ដម ថោង ខុន បានមានប្រសាសន៍ថា៖ « នៅក្នុងឆ្នាំ ២០១៩ នេះ កម្ពុជាសង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរចិនប្រមាណ ២.៦ លាននាក់, ៣ លាននាក់នៅឆ្នាំ ២០២០, ៥ លាននាក់នៅឆ្នាំ ២០២៥ និងកើនឡើងដល់ ៨ លាននាក់នៅឆ្នាំ ២០៣០។ ដោយយោងតាមរបាយការណ៍ភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៣.៨៤ លាននាក់បានធ្វើដំណើរមកប្រទេសកម្ពុជាក្នុងអំឡុងពេល ៧ ខែដំបូងនៃឆ្នាំនេះ គឺកើនឡើង ១១.១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈដែលឆ្នាំមុនប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរបរទេសចំនួន ៦.២ លាននាក់ក្នុងនោះមានជនជាតិចិន ២ លាននាក់ដែលផ្ដល់ប្រាក់ចំណូលសរុប ៤.៣៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក៕


អត្ថបទ៖ លីនី


