ផ្លែស្វាយនឹងក្លាយជាផលិតផលបន្ទាប់ដែលកម្ពុជានាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន
សេដ្ឋកិច្ច September 12, 2019 Chan Sreyny

បន្ទាប់ពីការនាំចេញអង្ករទៅប្រទេសចិនទទួលបានជោគជ័យ បច្ចុប្បន្នផ្លែស្វាយអាចក្លាយជាផលិតផលបន្ទាប់ដែលកម្ពុជានាំចេញដោយផ្ទាល់ទៅប្រទេសចិន នេះបើយោងតាមការអះអាងពីមន្រ្តីក្រសួងកសិកម្ម។ ជាមួយគ្នានេះដែរដើម្បីបំពេញតម្រូវការអនាម័យ និងស្តង់ដារអនាម័យរបស់ប្រទេសចិន ក្រសួងបានអំពាវនាវដល់ប្រជាកសិករដែលកំពុងដាំដំណាំកសិកម្មដែលបានផ្ដល់អាទិភាពឲ្យចុះឈ្មោះជាមួយក្រសួងដើម្បីជាថ្នូរនឹងជំនួយ។

ដោយជាលទ្ធផលបច្ចុប្បន្ននេះក្រសួងបានផ្តល់ជំនួយបច្ចេកទេសដល់កសិដ្ឋានដំណាំស្វាយជាច្រើនដើម្បីជួយពួកគេបំពេញតាមស្តង់ដារ SPS របស់ប្រទេសចិន មុនពេលផ្លែស្វាយរបស់ប្រជាកសិករត្រូវបានត្រួតពិនិត្យដោយគណៈប្រតិភូមន្រ្តីចិន។ បន្ថែមពីនេះក្រុមការងារមកពីរដ្ឋបាលទូទៅនៃការត្រួតពិនិត្យគុណភាព និងអធិការកិច្ចរបស់ប្រទេសចិន នឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជានៅខែក្រោយដើម្បីធ្វើការត្រួតពិនិត្យលើកសិករដែលបានចុះបញ្ជី។

គួររលឹកផងដែរថាកាលពីខែកក្កដាក្រសួងបានផ្សព្វផ្សាយជាសាធារណៈនូវបញ្ជីទំនិញកសិកម្មដែលត្រូវបានផ្ដល់អាទិភាពសម្រាប់នាំចេញទៅប្រទេសចិនរួមមាន៖ ស្វាយស្រស់ ផ្លែមៀន ម្រេច ផ្លែស្រកានាគ ដូងក្រអូប និងសំបុកត្រចៀកកាំ។ យ៉ាងណាមិញកម្ពុជារំពឹងថាផ្លែស្វាយស្រស់នឹងក្លាយជា​ផលិតផលកសិកម្មបន្ទាប់ដែលកម្ពុជានាំចេញទៅប្រទេសចិន បន្ទាប់ពីការនាំចេញអង្ករ ដំឡូងមី និងពោតទទួលបានជោគជ័យ។

ទន្ទឹមនឹងនេះប្រទេសកម្ពុជាមានបំណងចង់បើកការចរចាស្តីពីការដឹកជញ្ជូនទំនិញកសិកម្មដែលមានអាទិភាព និងបានស្នើគំនិតនេះទៅរដ្ឋបាលគយទូទៅរបស់ប្រទេសចិនដែលទទួលបន្ទុកលើតម្រូវការ SPS ដើម្បីចរចារលើផលិតផលកសិកម្មទាំង ៦ ក្នុងពេលដំណាលគ្នា ព្រោះអាចជួយសន្សំសំចៃពេលវេលារបស់កម្ពុជា ហើយនឹងអនុញ្ញាតឲ្យការចាប់ផ្តើមដឹកជញ្ជូនផលិតផលទាំងនេះទៅកាន់ប្រទេសចិនបានឆាប់ៗក្នុងពេលខាងមុខនេះផងដែរ៕

អត្ថបទ៖ លីនី