ប្រទេសឥណ្ឌូនេស៊ីកំណត់យកគោលដៅតភ្ជាប់អគ្គិសនីឲ្យបាន ១០០% នៅទូទាំងប្រទេសក្នុងឆ្នាំ ២០២០
សេដ្ឋកិច្ច September 12, 2019 Chan Sreyny

ប្រទេសឥណ្ឌូនេស៊ីបានដាក់ចេញនូវគោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួន ដើម្បីសម្រេចបាននូវចំណុចសំខាន់នៅក្នុងវិស័យថាមពលជាមួយនឹងការតភ្ជាប់អគ្គិសនីរបស់ខ្លួនឲ្យបាន ១០០% នៅត្រឹមឆ្នាំ ២០២០ ។ យោងតាមរដ្ឋមន្រ្តីក្រសួងថាមពល និងរ៉ែលោក Ignasius Jonan បានឲ្យដឹងថាសមាមាត្រអគ្គិសនីមានដល់ ៩៨.៩% នៅខែសីហា ហើយជាមួយនឹងការកើនឡើងប្រចាំខែប្រហែល ០.១% ដោយគោលដៅ ១០០% អាចសម្រេចបាននៅឆ្នាំ២០២០ ។

ជាក់ស្ដែងជារៀងរាល់ឆ្នាំគ្រួសារប្រមាណ ៥០០,០០០ គ្រួសារបានដាក់ពាក្យសុំភ្ជាប់បណ្ដាញអគ្គិសនី ហើយទិន្នន័យរបស់ក្រសួងថាមពល និងរ៉ែបានបង្ហាញថាក្នុងរយៈពេល ៨ ឆ្នាំកន្លងមកនេះ ការតភ្ជាប់អគ្គិសនីបានកើនឡើងពី ៦៧.២% ដល់ ៩៨.០៥% ដោយអគ្គិសនីនៅតែបង្កើតបានភាគច្រើនពីថាមពលហ្វូស៊ីល។ ដោយឡែកកាលពីឆ្នាំមុនការផ្គត់ផ្គង់ថាមពលនៅក្នុងប្រទេសបានកើនឡើងដល់ ៦២,៦០០ មេហ្គាវ៉ាត់ហើយការប្រើប្រាស់អគ្គិសនីត្រូវបានគេកត់ត្រាថាមានចំនួនជាង ១,០០០ គីឡូវ៉ាត់ម៉ោងក្នុងមនុស្សម្នាក់។

គួរបញ្ជាក់ផងដែរថាកាលពីពីរខែមុនរដ្ឋាភិបាលបានសម្រេចចិត្តវិនិយោគទឹកប្រាក់ជិត ៤៦៥.៣ ពាន់លានដុល្លារអាមេរិក នៅក្នុងឧបករណ៍ប្រើប្រាស់ថាមពលរបស់រដ្ឋ Perusahaan Listrik Negara (PLN) ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងរបស់ខ្លួន។ មិនតែប៉ុណ្ណោះប្រទេសនេះកំពុងធ្វើការដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញ ខណៈពេលដែលផ្គត់ផ្គង់អគ្គិសនី និងប្រេងឥន្ធនៈសម្រាប់ប្រជាជនក្នុងតំបន់ជាមួយនឹងតម្លៃសមរម្យ។

អត្ថបទ៖ លីនី