មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែទទួលបានជោគជ័យដោយការព្យាយាមលើកដំបូងរបស់ពួកគេនោះទេ ជាក់ស្ដែងចំពោះបុគ្គលល្បីៗជាច្រើនដែលទទួលបានជោគជ័យពេលបច្ចុប្បន្នសុទ្ធតែធ្លាប់បរាជ័យមិនតិចទេ អ្នកខ្លះរាប់រយរាប់ពាន់ដង ចំនែកអ្នកខ្លះទៀតបរាជ័យស្ទើរតែពេញមួយជីវិត។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនដែលបោះបង់ ឬ បញ្ឈប់ក្ដីស្រមៃរបស់ខ្លួនឡើយ ជាក់ស្ដែងដូចជាលោកស្រី Oprah Winfrey ដែលត្រូវបានគេស្គាល់ថាជាស្រ្តីដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក ដូចជាមហាសេដ្ឋីជាច្រើនដែរ គាត់ពិតជាធ្វើបានល្អសម្រាប់ខ្លួនឯង។
ជាមួយនឹងភាពជោគជ័យរបស់គាត់នៅក្នុងកម្មវិធី Oprah Winfrey show កម្មវិធីនិយាយពីជីវប្រវត្តិ រួមទាំងវាគ្មិននៅក្នុងវិទ្យុ និងការងារទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀត វាពិតជាពិបាកក្នុងការស្រមៃណាស់ថាជីវិតគាត់អាចទទួលបានជោគជ័យសឹងតែល្អឥតខ្ចោះ ដោយការចាប់ផ្ដើមពីជីវិតដែលគ្មានអ្វីទាំងអស់។ ខណៈពេលដែលគាត់ចូលដល់វ័យជំទង់លោកស្រី Oprah Winfrey រស់នៅជាមួយម្ដាយតែពីរនាក់ជាមួយនឹងជីវភាពក្រីក្រ ក្នុងតំបន់អានាធិបតេយ្យ ដោយគាត់ត្រូវរងការរំលោភបំពានផ្លូវភេទជាច្រើនដងពីសាច់ញាតិ និងមិត្តភក្តិរបស់ម្តាយគាត់។
ទោះជាយ៉ាងណាក៏ដោយគាត់បានជំនះគ្រប់រឿងរ៉ាវជាច្រើនដែលកើតមាននៅក្នុងជីវិតេរបស់គាត់ លើសពីសមត្ថភាពក្មេងស្រីធម្មតាអាចធ្វើបាន រហូតទទួលបានជោគជ័យក្លាយជានាយកប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ មហាសេដ្ឋី និងជាមនុស្សចិត្តធម៌នាពេលបច្ចុប្បន្ន។ បន្ថែមពីនេះគាត់បានលើកទឹកចិត្តមនុស្សគ្រប់គ្នាក្នុងការតស៊ូនៅក្នុងជីវិតថា៖ « ត្រូវធ្វើខ្លួនស្ថិតក្នុងចំណោមមនុស្សដែលចង់ឲ្យអ្នកបានខ្ពង់ខ្ពស់ » ៕

អត្ថបទ៖ លីនី


