ដោយសង្កេតឃើញថាមួយរយៈពេលកន្លងមកនេះ ក្រុងព្រះសីហនុទទួលរងនូវការគំរាមកំហែងដោយជំនន់ទឹកភ្លៀង បង្កជាគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប្រព័ន្ធហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ផ្សេងៗ ត្រូវបានខូចខាតយ៉ាងដំណំ។ ដោយស្ថានភាពទឹកកជំនន់ បង្កឡើងដោយបរិមាណទឹកភ្លៀងច្រើនលើសលប់ និងប្រព័ន្ធប្រឡាយបង្ហូរទឹកមានការកកស្ទះ ហើយបច្ចុប្បន្នអូរធម្មជាតិចំនួន ៥ សម្រាប់រំដោះទឹកភ្លៀង ទឹកកខ្វក់ក្នុងក្រុងព្រះសីហនុកំពុងត្រូវបានរួមតូចដោយសាររងការបែកបាក់ កកស្ទះដោយសារសម្រាម និងដី និងអូរ ប្រឡាយធម្មជាតិរាក់ដោយសារដីកកស្ទះ និងការរំលោភដោយសាងសង់សំណង់អគារចូលក្នុងដីអូរ។
រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់គម្រោងហិរញ្ញប្បទានទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក និងពីវិស័យឯកជនប្រមាណ ៤០០លានដុល្លារអាមេរិក បន្ថែមទៀតសម្រាប់ស្តារ ជួសជុល និងថែទាំផ្លូវនៅខេត្តព្រះសីហនុ ចំនួន ២២ខ្សែ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង។ ទន្ទឹមនឹងនេះដែរក្រុមការងារអន្តរក្រសួងរួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរដែនដី បានចុះពិនិត្យមើលអាទិភាព និងសិក្សាហេដ្ឋារចនាសម្ព័ន្ធកំណាត់ផ្លូវចំនួន២២ខ្សែនេះ ដែលត្រូវស្តារ ជួសជុលធ្វើឲ្យប្រសើរឡើង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ ការវិនិយោគ ការដឹកជញ្ជូនទំនិញនាំចេញ នាំចូល កាត់បន្ថយការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍ និងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបង្ហូរទឹកកខ្វក់ និងទឹកភ្លៀង សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសក្ដានុពលសេដ្ឋកិច្ចខ្ពស់របស់ជាតិ ក៏ដូចជាដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រនៅឆ្នាំ២០២០ និងកិច្ចប្រជុំអាស៊ាននានាឆ្នាំ២០២២ នាពេលខាងមុខនេះ៕





