ក្រុមហ៊ុន PTT គ្រោងនឹងក្លាយជាមជ្ឈមណ្ឌលនាំចេញរថយន្តអគ្គិសនី (EV) នៅអាស៊ីអាគ្នេយ៍ ដោយសហការជាមួយក្រុមហ៊ុនចិនផលិតរថយន្តអគ្គិសនីនៅប្រទេសថៃ
សេដ្ឋកិច្ច September 11, 2019 Chan Sreyny

កាលពីពេលថ្មីនេះៗក្រុមហ៊ុន​ប្រេង និងឧស្ម័នជាតិ PTT Plc បានប្រកាសថាខ្លួននឹងសហការជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន WM Motors ដើម្បីសិក្សាពីលទ្ធភាពក្នុងការផលិតរថយន្តដើរដោយថាមពលអគ្គិសនី (EV) នៅក្នុងប្រទេសថៃ។ ជាមួយគ្នានេះក្រៅពីគម្រោងវិនិយោគរោងចក្រផលិតរថយន្តអគ្គិសនីនៅប្រទេសថៃ ក្រុមហ៊ុនក៏មានបំណងអភិវឌ្ឍផលិតផលអាគុយ និងផលិតផលប្លាស្ទិកបន្ថែមទៀតក្រោមក្រុមហ៊ុន PTT Group ។

បន្ថែមពីនេះទៅទៀតក្រុមហ៊ុន PTT បានឲ្យដឹងថាក្រុមហ៊ុន WM Motors មានរោងចក្រដំឡើងផ្ទាល់ខ្លួនសម្រាប់រថយន្តជំនាន់ថ្មី ដែលមានគោលបំណងអភិវឌ្ឍបន្ថែមទៀតនៅក្នុងភាពចល័តដូចទៅនឹងសេវាកម្មដែលត្រូវបានគេស្គាល់ផងដែរថាជាទម្រង់ MAAS ខណៈដែល WM Motors ផលិតរថយន្តអគ្គិសនីក្រោមម៉ាក Weltmeister ដែលលក់បានជាង ១០,០០០ គ្រឿងនៅក្នុងប្រទេសចិន។

គួរបញ្ជាក់ផងដែរថាកិច្ចសហការនេះនឹងស្ថិតក្នុងសកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍន៍សម្រាប់អាគុយ EV និងអាជីវកម្មពាក់ព័ន្ធដទៃទៀតស្របតាមគំនិតផ្តួចផ្តើមថៃ ៤.០ របស់រដ្ឋាភិបាល។ ដោយក្រុមហ៊ុន PTT មានបំណងធ្វើជាអ្នកនាំមុខលើការច្នៃប្រឌិតថាមពល និងបច្ចេកវិទ្យានាពេលអនាគតដ៏ខ្លីខាងមុខនេះ ហើយគ្រោងនឹងក្លាយជាមជ្ឈមណ្ឌលនាំចេញរថយន្តអាគ្គិសនី (EV) នៅអាស៊ីអាគ្នេយ៍ផងដែរ៕

អត្ថបទ៖ លីនី