យោងតាមទន្និន័យផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថាតម្លៃរោងចក្រដែលក្រុមហ៊ុនចិនបង់សម្រាប់ទំនិញរបស់ពួកគេ ធ្លាក់ចុះយ៉ាងលឿនបំផុតកាលពីខែមុន ក្នុងរយៈពេល ៣ ឆ្នាំដោយសារតែការធ្លាក់ចុះតម្រូវការ និងសង្គ្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដែលអូសបន្លាយដល់សេដ្ឋកិច្ច។ ខណៈដែលតម្លៃប្រើប្រាស់ក៏ត្រូវបានកាត់បន្ថយយ៉ាងខ្លាំងក្លា ដោយសារតម្លៃសាច់ជ្រូកកើនឡើងជិត ៥០% ដែលបណ្ដាលមកពីជំងឺគ្រុនផ្ដាសាយជ្រូកអាហ្រ្វិកដែលបានបំផ្លាញឧស្សាហកម្មជ្រូករបស់ប្រទេសនេះ។
ជាមួយគ្នានេះដែរសន្ទស្សន៍តម្លៃអ្នកផលិត (PPI) ដែលជាឧបករណ៍វាស់ស្ទង់ដ៏សំខាន់នៃវិស័យឧស្សាហកម្មដែលវាស់វែងថ្លៃដើមទំនិញនៅច្រកទ្វាររោងចក្របានធ្លាក់ចុះ ០.៨% ក្នុងខែសីហាបន្ទាប់ពីធ្លាក់ចុះ ០.៣% កាលពីខែកក្កដា។ ស្របពេលដែលការធ្លាក់ចុះនៃអតិផរណាច្រកទ្វាររោងចក្របានឆ្លុះបញ្ចាំងពីតម្រូវការធ្លាក់ចុះ ខណៈពេលដែលការធ្លាក់ចុះនេះអាចធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុន និងទាញយកផលចំណេញពីសេដ្ឋកិច្ចទីពីរនៅលើពិភពលោកដែលអាចនាំឲ្យមានការធ្លាក់ចុះតម្លៃនៅទូទាំងពិភពលោក។
កាលពីខែមុននេះ គឺជាលើកដំបូងដែលសន្ទស្សន៍តម្លៃអ្នកផលិត (PPI) បានធ្លាក់ចុះដល់ចំណុចវិជ្ជមានចាប់តាំងពីខែសីហា ឆ្នាំ២០១៦ មក ដោយការចុះខ្សោយនៃការផលិតប្រេង រ៉ែ និងឧស្ម័នធម្មជាតិ ធ្យូងថ្ម និងវិស័យកែច្នៃប្រេងផ្សេងៗទៀត។ យ៉ាងណាមិញតួលេខពីការិយាល័យស្ថិតិជាតិ (NBS) បានកត់សម្គាល់ឃើញថាការធ្លាក់ចុះរយៈពេល ២ ខែជាប់គ្នា មានភាពល្អប្រសើរជាងការព្យាករណ៍នៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ដែលបានព្យាករណ៍ថានឹងធ្លាក់ចុះ ០.៩%។
គួរបញ្ជាក់ផងដែរថាធនាគារប្រជាជាតិចិនកាលពីថ្ងៃពីសុក្របានប្រកាសថាខ្លួននឹងកាត់បន្ថយចំនួនអ្នកផ្តល់ប្រាក់កម្ចីជាសាច់ប្រាក់ ដើម្បីរក្សាទុកជាទុនបម្រុង ដែលជាវិធីតែមួយគត់អាចជួយបញ្ចេញប្រាក់ចំនួនជាង ១០០ ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ចដែលកំពុងទ្រុឌទ្រោម។ លើសពីនេះ ចិនក៏បានបញ្ជាក់កាលពីសប្តាហ៍មុនផងដែរថា កិច្ចពិភាក្សាពាណិជ្ជកម្មថ្មីមួយនឹងត្រូវធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោននៅដើមខែតុលា ក្នុងគោលបំណងដើម្បីដោះស្រាយភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនេះ៕
អត្ថបទ៖ លីនី


