ថៃជាប់ចំណាត់ថ្នាក់លេខ ៦ ជាប្រទេសដែលមានការថែទាំសុខភាពល្អបំផុតនៅលើពិភពលោក
សេដ្ឋកិច្ច September 11, 2019 Chan Sreyny

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថាប្រទេសថៃកំពុងទទួល​បានការទទួលស្គាល់ទូទាំងពិភពលោកចំពោះគុណភាពនៃសេវាកម្មថែទាំសុខភាពរបស់ខ្លួន បន្ទាប់ពីទស្សនាវដ្ដីអាមេរិក CEOWORLD បានដាក់ប្រទេសថៃក្នុងចំណាត់ទី៦ នៅក្នុងបញ្ជីប្រចាំឆ្នាំ ២០១៩ ដែលជាប្រទេសមានប្រព័ន្ធថែទាំសុខភាពល្អបំផុត។ ជាក់ស្ដែងមន្រ្តីសុខាភិបាលសាធារណៈ ពេញចិត្តចំពោះចំណាត់ថ្នាក់នេះ ដោយបានបង្ហាញពីភាពជោគជ័យរបស់ប្រទេសក្នុងការអភិវឌ្ឍវិស័យសុខាភិបាលរបស់ខ្លួន។

តាមរបាយការណ៍ CEOWORLD ដែលបានចុះផ្សាយបញ្ជីកាលពីដើមខែមុន ប្រទេសថៃស្ថិតក្នុងចំណោមបណ្ដាប្រទេសអាស៊ីមួយចំនួនដែលអាចឈានដល់លំដាប់កំពូលទាំង ១០ ក្នុងឆ្នាំ ២០១៩ រួមជាមួយកូរ៉េខាងត្បូងស្ថិតនៅលំដាប់ទី២ ជប៉ុន ៣ បណ្ដាប្រទេសអឺរ៉ុបគ្រប់ដណ្ដប់លើតារាងដោយប្រទេសអូទ្រីស ​ឈរនៅចំណាត់ថ្នាក់ទី៤ បន្ទាប់មកប្រទេសដាណឺម៉ាកលេខ ៥ អេស្បាញ លេខ ៧ បារាំង លេខ ៨ បែលហ្ស៊ិក លេខ ៩ និងអូស្រ្តាលីឈរនៅចំណាត់ថ្នាក់លេខ ១០។

ក្នុងចំណោម ៨៩ ប្រទេសដែលត្រូវបានស្ទង់មតិការថែទាំសុខភាព កោះតៃវ៉ាន់ឈរនៅលើគេក្នុងតារាងដោយទទួលបានពិន្ទុ ៧៨.៧២ ក្នុងចំណោម ១០០ ក្នុងសន្ទស្សន៍នៃការថែរក្សាសុខភាព។ ខណៈដែលប្រទេសវេណេស៊ុយអេឡាត្រូវបានជាប់ជាប្រទេសដែលមានប្រព័ន្ធថែរក្សាសុខភាពអាក្រក់បំផុតក្នុងឆ្នាំ ២០១៩ ដែលទទួលបានពិន្ទុ ៣៣.៤២ ។ ដោយឡែកប្រទេសថៃទទួលបានពិន្ទុសរុប ៦៧.៩៩ ក្នុងចំណោម ១០០ បានបំបែកតួលេខទៅជាប្រភេទប្រទេសដែលទទួលបានពិន្ទុ ៩២.៥៨ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធសុខភាពរបស់ខ្លួន ១៧.៣៧ សម្រាប់សមត្ថភាពជំនាញ ៩៦.២២ សម្រាប់ថ្លៃដើម ៦៧.៥១ សម្រាប់លទ្ធភាពរកថ្នាំនិង ៨៩.៩១ សម្រាប់ការត្រៀមខ្លួនរបស់រដ្ឋាភិបាល។

បន្ថែមពីនេះកត្តាផ្សេងទៀតរួមមាន និរន្តរភាពបរិស្ថាន ការទទួលបានទឹកស្អាត អនាម័យការត្រៀមខ្លួនរបស់រដ្ឋាភិបាលក្នុងការដាក់ទណ្ឌកម្មលើឥរិយាបទដែលមានហានិភ័យខ្ពស់ដូចជាការប្រើប្រាស់ថ្នាំជក់ និងការទទួលទានជាតិស្ករច្រើនពេកក៏ត្រូវស្ថិតក្នុងការពិចារណាផងដែរ។ ទោះយ៉ាងណាក្ដីរដ្ឋមន្រ្តីសុខាភិបាលសាធារណៈលោក Anutin Charnvirakul បាននិយាយថារដ្ឋាភិបាលមិនត្រូវពឹងផ្អែកលើចំណាត់ថ្នាក់របស់ខ្លួននោះទេ ព្រោះចំណាត់ថ្នាក់មិនសំខាន់ដូចក្រសួងអនុវត្តតួនាទីរបស់ខ្លួនក្នុងការថែរក្សាសុខភាពសាធារណៈឡើយ៕

អត្ថបទ៖ លីនី