ស្ដេចជំនួញ Jack Ma បន្ទាប់ពីចុះចេញពីដំណែងនៅថ្ងៃនេះ នឹងដើរតាមគន្លងអាយដលរបស់គាត់លោក Bill Gates ដោយគ្រោងនឹងបរិច្ចាគទឹកប្រាក់ ៤១ ពាន់លានដុល្លារទៅលើវិស័យអប់រំ
បុគ្គលជោគជ័យ September 10, 2019 Chan Sreyny

លោក Jack Ma ចុះចេញពីដំណែងនៅថ្ងៃនេះក្នុងនាមជាប្រធានក្រុមហ៊ុន Alibaba ប៉ុន្តែការចាប់ផ្តើមអាជីវកម្មដែលលោកបានបង្កើតឡើង និងការលក់រាយតាមអ៉ីនធឺណេតត្រូវបានគេរំពឹងថានឹងបន្តឈានទៅរកយុគសម័យថ្មីមួយ ដោយសារវប្បធម៌នៃការច្នៃប្រឌិតដែលលោកបានខិតខំប្រឹងប្រែងកន្លងមក​។ អតីតគ្រូបង្រៀនភាសាអង់គ្លេសរូបនេះបានលាលែងពីតំណែងនៅថ្ងៃនេះចំថ្ងៃកំណើតគម្រប់អាយុ ៥៥ ឆ្នាំរបស់គាត់ ដោយលោក Ma គ្រោងនឹងបរិច្ចាគទឹកប្រាក់មួយផ្នែកក្នុងចំណោមទ្រព្យសម្បត្តិយ៉ាងច្រើនរបស់គាត់ចំនួន ៤១ ពាន់លានដុល្លារ ដើម្បីទៅលើវិស័យអប់រំ ដោយដើរតាមគន្លងរបស់អ្នកច្នៃប្រឌិតថ្មីដែលគាត់សរសើរគឺ លោក Bill Gates ។

ការចាកចេញរបស់ស្ថាបនិកប្រកបទៅដោយសមត្ថភាពពីក្រុមហ៊ុនបច្ចេកវិទ្យាធំនេះ ជាធម្មតានឹងបណ្ដាលឲ្យភាគហ៊ុនតូចៗមួយចំនួនរង្គោះរង្គើ ប៉ុន្តែមិនមែននៅក្នុងក្រុមហ៊ុន Alibaba នោះទេ។ ដោយលោក Ma ត្រូវបានគេចាត់ទុកថាជាកម្លាំងជំរុញរបស់ក្រុមហ៊ុន Alibaba និងជាឯកអគ្គរដ្ឋទូតដែលពូកែសម្រាប់ក្រុមហ៊ុន។ ប៉ុន្តែទោះយ៉ាងណាក៏ដោយគាត់ត្រូវបានគេរំពឹងថានឹងរក្សាមុខងារប្រឹក្សាមួយចំនួនដល់ក្រុមហ៊ុន បន្ទាប់ពីការលាលែងនេះផងដែរ។

លោក Towson ដែលបាននិពន្ធសៀវភៅអំពីក្រុមហ៊ុនឈានមុខគេរបស់ប្រទេសចិនបានបង្ហាញថាលោក Ma បានទទួលជោគជ័យលើអ្វីដែល Steve Jobs លោក Bill Gates និងលោក Jerry Yang សហស្ថាបនិក Yahoo បរាជ័យ ដូចទៅនឹងអ្វីដែល Ma តែងតែផ្ដល់ដំបូន្មាន ក៏ដូចជាលើកឡើងនៅតាមវេទិកានានាថា ” មនុស្សគ្រប់រូបគួររៀនពីការបរាជ័យ ជាជាងរៀនពីភាពជោគជ័យរបស់នរណាម្នាក់ “។ យ៉ាងណាមិញគាត់បានកសាងវប្បធម៌ដ៏រឹងមាំនៅក្នុងក្រុមហ៊ុន Alibaba ខណៈដែលការចាប់ផ្ដើមពីដំបូងគាត់ត្រឹមតែជាសហគ្រិនដែលខ្វះខាតប្រាក់សម្រាប់វិនិយោគមួយរូប ដែលបានបញ្ចុះបញ្ចូលមិត្តភក្កិរបស់គាត់ដើម្បីខ្ចីប្រាក់ចំនួន​ ៦០,០០០ ដុល្លារក្នុងការចាប់ផ្តើមក្រុមហ៊ុន Alibaba នៅភាគខាងកើតទីក្រុង Hangzhou ក្នុងឆ្នាំ ១៩៩៩ រហូតទទួលបានជោគជ័យដូចសព្វថ្ងៃ៕

អត្ថបទ៖ លីនី