ថៃ៖ នាយកដ្ឋានរដ្ឋាករបានចាប់ផ្ដើមផែនការចាស់ក្នុងការយកពន្ធលើអាហារប្រៃដោយកំណត់ក្នុងកម្រិត ២,០០០ មីលីក្រាមក្នុងមួយថ្ងៃនៃសូដ្យូមជាគោលដើម្បីកំណត់អត្រាពន្ធ។ ការដាក់ពន្ធលើចំណីអាហារដែលមានកម្រិតជាតិសូដ្យូមខ្ពស់ ត្រូវបានធ្វើតាមការអនុវត្តស្រដៀងគ្នាសម្រាប់ភេសជ្ជៈមានជាតិស្ករដែរ ដើម្បីរក្សាសក្តានុពលស្តង់ដារ ដោយផ្អែកលើស្តង់ដារសុខភាពដែលណែនាំឲ្យមនុស្សទទួលទានជាតិសូដ្យូមតិចជាង ២,០០០ មីលីក្រាមក្នុងមួយថ្ងៃ។
ក្នុងនោះផងដែរផលិតផលដែលមានជាតិប្រៃមួយចំនួននឹងត្រូវបានគិតពន្ធពីនាយកដ្ឋានរួមមាន៖ អាហារសម្រន់ និងអាហាររហ័ស ប៉ុន្តែមិនសំដៅទៅលើគ្រឿងទេសដូចជា ទឹកត្រី ទឹកស៊ីអ៉ីវ និងអំបិលនោះទេ។ គួររំលឹកផងដែរថាកាលពីឆ្នាំមុននាយកដ្ឋានបានបង្ហាញគំនិតនេះរួចមកហើយ ប៉ុន្តែការអនុវត្តរបស់ក្រសួងហិរញ្ញវត្ថុបានបង្ហាញថា ការយកពន្ធលើអាហារប្រៃនឹងជះឥទ្ធិពលជាច្រើន ព្រមទាំងទទួលរងការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសធ្វើឲ្យចំណូលពន្ធមានកម្រិតតិចតួចសម្រាប់រដ្ឋាភិបាល។
ទន្ទឹមនឹងនេះនាយកដ្ឋានក៏បានដំឡើងពន្ធលើភេសជ្ជៈដែលមានជាតិស្ករចាប់ពីថ្ងៃទី១ ខែតុលា បន្ទាប់ពីការដាក់ពន្ធលើកដំបូងនៅក្នុងខែតុលាឆ្នាំ ២០១៧ ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ស្ករ ប៉ុន្តែការយកពន្ធលើផលិតផលទាំងនោះមិនត្រូវបានគិតពីអ្នកប្រើប្រាស់នោះទេ។ ខណៈដែលភេសជ្ជៈមានផ្ទុកជាតិស្ករពី ១០ ទៅ ១៤ ក្រាមត្រូវបង់ពន្ធ ១ បាតក្នុង ១០០ មីលីលីត្រជំនួស ០.៥ បាតក្នុង ១០០ មីលីលីត្រ។ ដោយគិតមកទល់ពេលនេះចំណូលសរុបពីការប្រមូលពន្ធមានចំនួន ២ ពាន់លានបាតក្នុងមួយឆ្នាំសម្រាប់រដ្ឋាភិបាល។
យ៉ាងណាមិញពន្ធថ្មីនឹងជួយបង្កើនចំណូលពន្ធទូទៅដល់ ៣.៥ ពាន់លានបាត ទៅ ៤.៥ ពាន់លានបាតថែមទៀត ជាពិសេសអត្រាពន្ធថ្មីនឹងជំរុញឲ្យក្រុមហ៊ុនផលិតភេសជ្ជៈជាតិស្ករកាត់បន្ថយកម្រិតជាតិស្ករសម្រាប់ផលិតផលរបស់ពួកគេ។ ដោយចំនួនផលិតផលភេសជ្ជៈមានជាតិស្ករដែលបានកាត់បន្ថយជាតិស្ករបានកើនឡើងដល់ ២០០-៣០០ មុខទំនិញ ពី ៦០-៧០ មុខទំនិញមុនពេលពន្ធត្រូវបានគិតពន្ធកាលពី ២ ឆ្នាំមុន ហើយកំរិតជាតិស្ករនៃភេសជ្ជៈមានជាតិហ្គាសខ្លះ ត្រូវបានកាត់បន្ថយមកនៅក្រោម ១០ ក្រាមក្នុងមួយដប ១០០ មីលីលីត្រ ដើម្បីជៀសវាងការយកពន្ធខ្ពស់ផងដែរ។

អត្ថបទ៖ លីនី


