យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឲ្យដឹងថារដ្ឋាភិបាលវៀតណាមមានគម្រោងសាងសង់ផ្លូវល្បឿនលឿនដែលមានប្រវែង ១៥៥ គីឡូម៉ែត្រ ឆ្លងកាត់តំបន់ដីសណ្ដមេគង្គ ដែលនៅតាមដងទន្លេពីទីប្រជុំជន រហូតមកដល់ព្រំដែនកម្ពុជា។ គម្រោងនេះត្រូវបានសាងសាង់ដោយក្រុមហ៊ុនសំណង់ដែលគ្រប់គ្រងដោយរដ្ឋ ដែលការស្រាវជ្រាវនិងប្រឹក្សាយោបល់ត្រូវបានធ្វើឡើងដោយទីប្រឹក្សាវិស្វកម្មសំណង់ស៊ីវិលចំនួន ៦២៥ នាក់ ទីប្រឹក្សាពីក្រុមហ៊ុន JSC និងក្រុមហ៊ុន Jinwoo Engineering Co. Ltd របស់កូរ៉េខាងត្បូង។
ចំពោះការសាងសង់ផ្លូវល្បឿនលឿនក្នុងដំណាក់កាលដំបូងនេះនឹងមានប្រវែងទទឹង ១៧ ម៉ែត្រ និងបណ្ដោយរហូតដល់ ២៤ ម៉ែត្រ និងមានល្បឿនកំណត់រហូតដល់ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាមួយគ្នានេះត្រូវបានគេប៉ាន់ស្មានថានឹងចំណាយទឹកប្រាក់ប្រមាណ ៣០ លានកោដិដុង ( ១.៣ ពាន់លានដុល្លារ) ដោយគ្រោងនឹងបើកដំណើរការសាងសង់នៅឆ្នាំ ២០២៣ និងបញ្ចប់ក្នុងរយៈពេល ៣ ឆ្នាំ។ បន្ថែមពីនេះផ្លូវល្បឿនលឿននឹងរួមបញ្ចូលស្ពានចំនួន ១៣០ និងផ្លូវបំបែក ៥០ ហើយភ្ជាប់ជាមួយផ្លូវសំខាន់ៗផ្សេងទៀតផងដែរ។
គួរបញ្ជាក់ផងដែរថាផ្លូវល្បឿនលឿននេះនឹងត្រូវសាងសង់ ដោយក្រុមហ៊ុនសំណង់សាជីវកម្ម Cuu Long សម្រាប់ការអភិវឌ្ឍវិនិយោគ និងការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធដោយប្រើប្រាស់មូលនិធិ ODA និងមូលនិធិសាធារណៈ។ ហើយគម្រោងនេះត្រូវបានគេចាត់ទុកថាជាបំណែកដ៏សំខាន់ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការដឹកជញ្ជូននៅក្នុងតំបន់ និងជំរុញការតភ្ជាប់ជាមួយប្រទេសកម្ពុជា និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលនឹងត្រូវបានអនុម័តដោយរដ្ឋាភិបាល ក្រសួងដឹកជញ្ជូននិងផែនការ៕
អត្ថបទ៖ លីនី


