ឡាវចាប់ផ្ដើមដំណើរការរោងចក្រវារីអគ្គិសនីដ៏ធំ ដែលមានសមត្ថភាពបង្កើតថាមពលប្រមាណ ១.៦ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ
សេដ្ឋកិច្ច September 10, 2019 Chan Sreyny

កាលពីពេលថ្មី​ៗនេះរោងចក្រវារីអគ្គិសនីដ៏ធំមួយដែលត្រូវបានសាងសង់នៅក្នុងប្រទេសឡាវបានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្ម។ ដោយមានស្ថានីយ៍ថាមពលពីរកន្លែង ដោយស្ថានីយ៍ Nam Ngiep 1 Power Co អាចបង្កើតថាមពលបានប្រហែល ១.៦ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថាក្រុមហ៊ុន Nam Ngiep 1 Power Co ដែលជាប្រតិបត្តិកររោងចក្រនេះនឹងផ្គត់ផ្គង់ថាមពលអគ្គិសនីពីស្ថានីយ៍សំខាន់ទៅប្រទេសថៃ និងមួយផ្សេងទៀតនឹងផ្តល់ថាមពលដល់ទីផ្សារក្នុងស្រុកក្នុងរយៈពេល ២៧ ឆ្នាំ។ រោងចក្រនេះស្ថិតនៅចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានីវៀងចន្ទន៍របស់ប្រទេសឡាវ ដោយក្នុងនោះមានទំនប់ចំនួនពីរនៅលើដងទន្លេ Nam Ngiep ដែលជាដៃទន្លេមេគង្គហូរកាត់ព្រំដែនឡាវ និងថៃ។

គួរបញ្ជាក់ផងដែរ​ថាក្រុមហ៊ុន Nam Ngiep 1 Power Co ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាបង្កើតឡើងក្នុងឆ្នាំ ២០១៣ មានភាគហ៊ុនចំនួន ៤៥% កាន់កាប់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធអគ្គិសនី Kansai និង ៣០% ដោយក្រុមហ៊ុន EGAT International ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អាជ្ញាធរអគ្គិសនីថៃ និង ២៥% ទៀតដោយសហគ្រាសរដ្ឋកាន់កាប់ដោយរដ្ឋឡាវ។ ចំពោះការសាងសង់រោងចក្រវារីអគ្គិសនីនេះបានចាប់ផ្តើមនៅខែតុលា កាលពីឆ្នាំ២០១៤ ដោយមានការផ្តល់ហិរញ្ញប្បទានពីធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជាអ្នកផ្តល់ប្រាក់កម្ចីជប៉ុន និងថៃចំនួន ៧ នាក់ផ្សេងទៀត៕

អត្ថបទ៖ លីនី