Thomas Edison ចំណាយពេលសឹងតែ ១០០០ដង ដើម្បីបង្កើតអំពូលភ្លើងដោយជោគជ័យ តែក៏ត្រូវបំផ្លាញដោយក្មេងប្រុសម្នាក់ដែលគាត់សុំឲ្យមកសាកល្បងអំពូលនោះ
គំនិតអប់រំ September 9, 2019 Chan Sreyny

រឿងខ្លី៖ Thomas Edison បានធ្វើការពិសោធន៍ប្រហែល ១០០០ដង មុនពេលទទួលបានជោគជ័យក្នុងគោលបំណងបង្កើតអំពូលភ្លើង ដោយនៅពេលបង្កើតអំពូលភ្លើងបានជោគជ័យ ជំនួយការទាំងអស់សប្បាយរីករាយយ៉ាងខ្លាំង។ ដើម្បីចង់សាកអំពូលភ្លើងនោះ Thomas បានហៅក្មេងប្រុសនៅក្នុងការិយាល័យរបស់គាត់ដើម្បីតេស្ត។ ខណៈនោះក្មេងប្រុសភិតភ័យយ៉ាងខ្លាំង សូម្បីតែកាន់អំពូលនៅក្នុងដៃក៏កាន់សឹងតែមិនជាប់ រហូតធ្វើឲ្យអំពូលរបូតពីដៃហើយធ្លាក់បែកដោយចៃដន្យ។

ក្មេងប្រុសនោះកាន់តែភិតភ័យថែមទៀតព្រោះគាត់បានធ្វើឲ្យការច្នៃប្រឌិតដែល Thomas​ ខំបង្កើតត្រូវបាត់បង់ជាពិសេសគាត់ខ្លាចបាត់បង់ការងារ។ ពីរថ្ងៃក្រោយមក Thomas បានហៅក្មេងប្រុសម្នាក់នោះមកកាន់ការិយាល័យរបស់គាត់ម្ដងទៀត ព្រមជាមួយនឹងជំនួយការទាំងអស់ បន្ទាប់មកគាត់ក៏បានសាងសង់អំពូលថ្មីមួយទៀត ហើយសុំឲ្យក្មេងប្រុសម្នាក់នោះសាកល្បង។ ភ្លាមៗនោះជំនួយការទាំងអស់មានការភ្ញាក់ផ្អើលហើយបាននិយាយថា៖ « ហេតុអ្វីបានជាអ្នកឲ្យគាត់សាកល្បងម្ដងទៀត ទាំងដែលគាត់ធ្លាប់ធ្វើឲ្យអំពូលបែកម្ដងរួចមកហើយ គាត់នឹងធ្វើអំពូលរបស់លោកបែកម្ដងទៀត នោះការខិតខំរបស់អ្នកនឹងអសារបង់ »។

Thomas Edison ក៏បានឆ្លើយតបថា៖ « ខ្ញុំបានចំណាយពេលប្រហែល ១ ថ្ងៃដើម្បីសាងសង់អំពូលនោះម្ដងទៀត ហើយទោះបីជាគាត់ទម្លាក់ម្ដងទៀត ខ្ញុំក៏អាចបង្កើតអំពូលមួយទៀតបានដែរក្នុងមួយថ្ងៃ​។ ប៉ុន្តែប្រសិនបើខ្ញុំមិនផ្ដល់ការងារដដែលដល់គាត់ទេ គាត់នឹងបាត់បង់ជំនឿ និងទំនុកចិត្តលើខ្លួនឯង ដែលពិបាកនឹងត្រលប់មកវិញ ហើយខ្ញុំមិនចង់ឲ្យរឿងនេះកើនឡើងទេ។

តម្លៃអប់រំ៖ កាលដែលបង្កើតកំហុសក្នុងកិច្ចការមួយចំនួន ហើយមិនធ្វើវាម្ដងទៀត អាចនាំឲ្យអ្នកបាត់បង់ទំនុកចិត្តក្នុងការព្យាយាមធ្វើកិច្ចការនោះម្ដងទៀត។ ចូររៀនពីកំហុសដែលជាបទពិសោធ ដើម្បីទទួលបានជោគជ័យ៕

អត្ថបទ៖ លីនី