កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរិញ) ដែលបានកំណត់ប្រវែង ២០ គីឡូម៉ែត្រ ផ្លូវជាតិលេខ៣៣ នឹងត្រូវបានជួសជុលឡើងវិញបណ្ដោះអាសន្នដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសដើម្បីរៀបចំព្រឹត្តិការណ៍ធំៗចំនួន២ គឺពិធីបុណ្យសមុទ្រជុំទី៣ នៅខេត្តកំពត ចាប់ពីថ្ងទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ និងពិធីប្រណាំងកង់អន្តរជាតិ ចាប់ពីខេត្តកោះកុង ឆ្ពោះមកខេត្តកែប ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែមករា ឆ្នាំ២០២០។
យោងតាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថាការផ្លូវមានការខូចខាតដោយសារកត្តាអាកាសធាតុ ដោយសារមានភ្លៀងធ្លាក់ជោគជាំជាច្រើនថ្ងៃ តំបន់ខ្លះមានប្រភេទដីទន់ (ដីស្អុយ) ការដឹកទំនិញលើសទម្ងន់កម្រិតកំណត់ បានធ្វើឲ្យផ្លូវឆាប់ទទួលរងការខូចខាត។ ដោយក្រសួងនឹងបញ្ចេញគ្រឿងចក្រធ្វើការជួលជុលបន្ទាន់ បន្ទាប់ពីទឹកភ្លៀងឈប់ធ្លាក់ សម្រាប់កំណាត់ផ្លូវជាតិលេខ៣ (កំពត -វាលរេញ) នឹងត្រូវបានធ្វើការសិក្សាបច្ចេកទេសឡើងវិញ ដោយចាក់ថ្មគ្រឹះ និងលើកតួផ្លូវកម្ពស់ ០,៨ម៉ែត្របន្ថែមទៀត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានការងាយស្រួលក្នុងការធ្វើដំណើរ។ សូមបញ្ជាក់ផងដែរថាគម្រោងជួសជុសផ្លូវនេះនឹងត្រូវធ្វើការជួសជុលឲ្យបានរួចរាល់នៅក្នុងខែធ្នូ ចុងឆ្នាំ២០១៩នេះ ដោយចំណាយទឹកថវិកាយ៉ាងតិចបំផុតប្រមាណ ៣ លានដុល្លារអាមេរិកសម្រាប់ការជួសជុល៕







អត្ថបទ៖ លីនី


