ខណៈពេលដែលសេដ្ឋកិច្ចប្រទេសថៃកំពុងជួបប្រទះបញ្ហាប្រឈម អ្នកនាំពាក្យរដ្ឋាភិបាលបានអះអាងថា ប្រទេសថៃមិនធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ដូចការលើកឡើងរបស់ក្រុមអ្នករិះគន់មួយចំនួននោះទេ។ យោងតាមប្រសាសន៍របស់លោកស្រី Narumon Pinyosinwat បានបង្ហាញថា កំណើនសេដ្ឋកិច្ចអាចនឹងទៅមិនដល់គោលដៅ GDP ដែលបានកំណត់ទុក តែសេដ្ឋកិច្ចនៅតែមានការរីកលូតលាស់ និងមិនមានមូលហេតុណាដែលបង្កឲ្យមានការព្រួយបារម្ភឡើយ។
ក្នុងនោះផងដែរកំណើនសេដ្ឋកិច្ចអាចនឹងមានកំរិតទាបជាងការព្យាករណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍រួមគ្នាស្តីពីពាណិជ្ជកម្មឧស្សាហកម្ម និងធនាគារ (JSCCIB) ដែលមានចំនួន ២.៩ ទៅ ៣.៣% ។ ជាក់ស្ដែងគណៈកម្មាធិការចម្រុះគ្រោងនឹងកាត់បន្ថយការព្យាករណ៍របស់ខ្លួនម្តងទៀតនៅឯកិច្ចប្រជុំរបស់ខែតុលា។ ទន្ទឹមនឹងនេះដែរអ្នកឆ្លើយតបភាគច្រើនបានបង្ហាញពីការព្រួយបារម្ភរបស់ពួកគេ អំពីតម្លៃទំនិញប្រើប្រាស់ និងថ្លៃដើមរស់នៅខ្ពស់ នេះបើយោងតាមការស្ទង់មតិដោយសាកលវិទ្យាល័យ Suan Dusit Rajabhat ឬ Suan Dusit Poll កាលពីថ្ងៃទី ៣ ដល់ ៧ ខែកញ្ញាក្នុងចំណោមមនុស្ស ១,១៧២ នាក់ដើម្បីវាស់ស្ទង់ការឆ្លើយតបរបស់ពួកគេចំពោះស្ថានភាពនយោបាយសេដ្ឋកិច្ច និងសង្គម។
យ៉ាងណាមិញទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច ៦២.៣៩% បាននិយាយថាពួកគេមានការព្រួយបារម្ភអំពីតម្លៃទំនិញខ្ពស់ និងការចំណាយខ្ពស់ក្នុងការរស់នៅ ដោយស្នើឲ្យរដ្ឋាភិបាលគ្រប់គ្រងតម្លៃទំនិញ។ ហើយ ៣៥% បាននិយាយថាពួកគេជំពាក់បំណុល ហើយប្រាក់ចំណូលរបស់ពួកគេមិនត្រូវចំណាយទេ។ ២២.៧៥% បាននិយាយថាសេដ្ឋកិច្ចកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចហើយរដ្ឋាភិបាលគួរតែចាត់វិធានការដើម្បីកសាងទំនុកចិត្តវិនិយោគិន និងណែនាំកម្មវិធីជំរុញសេដ្ឋកិច្ច។ ខណៈដែល ១៦.១៥% បាននិយាយថាពួកគេមានការព្រួយបារម្ភអំពីភាពអត់ការងារធ្វើហើយចង់ឲ្យរដ្ឋាភិបាលដំណើរការកម្មវិធីបង្កើតការងារ និង ១៤.២% និយាយថាថ្លៃកសិផលទាបពេកហើយត្រូវចាត់វិធានការរហ័សដើម្បីដោះស្រាយបញ្ហា៕

អត្ថបទ៖ លីនី


