ត្រឹមរយៈពេល ៨ ខែវៀតណាមទទួលបានចំណូលពីការនាំចេញផលិតផលជលផលជាង ៥.៥ ពាន់លានដុល្លារ
សេដ្ឋកិច្ច September 9, 2019 Chan Sreyny

យោងតាមអាជ្ញាធរកែច្នៃ និងអភិវឌ្ឍទីផ្សារកសិកម្ម (AgroTrade) បានឲ្យដឹងថាប្រាក់ចំណូលនាំចេញផលិតផលជលផលក្នុងខែសីហា ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៨៣៣ លានដុល្លារ។ ជាលទ្ធផលសម្រាប់រយៈពេល ៨ ខែដំបូងនៃឆ្នាំនេះវិស័យជលផលទទួលបានចំណូល ៥.៥២ ពាន់លានដុល្លារពោលគឺធ្លាក់ចុះ ១.២% បើប្រៀបធៀបមនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពដដែលបានបន្តថា ទីផ្សារកំពូលៗនៃផលិតផលជលផលរបស់វៀតណាមក្នុងរយៈពេល ៧ ខែដំបូងមានប្រទេសជប៉ុន អាមេរិក ចិន និងសាធារណៈរដ្ឋកូរ៉េ ដោយចំនួនសរុបរួមគ្នាស្មើនឹង ៥៦.៥% នៃប្រាក់ចំណូលសរុបពីផលិតផលជលផល។ ជាក់ស្ដែងក្នុងរយៈពេលនេះការនាំចេញផលិតផលជលផលវៀតណាមមានចំនួន ៨០២.៥៦ លានដុល្លារអាមេរិកពោលគឺកើនឡើង ១.១% ក្នុងសន្ទស្សន៍ប្រចាំឆ្នាំ។ ស្របពេលដែលរកចំណូលបាន ៨១១.០៧ លានដុល្លារអាមេរិកនៅលើទីផ្សារជប៉ុន ហើយកំណើនខ្លាំងត្រូវបានគេមើលឃើញនៅក្នុងទីផ្សារជាច្រើនរួមមានតៃវ៉ាន់ ចិន ( ១៦.៣% ) ម៉ិកស៊ិក ( ១៤.៦% ) ម៉ាឡេស៊ី ( ១២.៣% ) និងជប៉ុន ( ១០.៤% ) ។

ជាមួយគ្នានេះដែរ បង្គា និងត្រីនៅតែជាផលិតផលនាំចេញដ៏សំខាន់របស់វិស័យនេះ ខណៈការនាំចេញបង្គាជើងសមានចំនួន ២៥.៧% នៃចំណូលនាំចេញសរុប ហើយត្រីមានចំនួន ២៤.០៥% នៃចំនួនសរុប។ ដោយក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនៃការត្រួតពនិត្យពន្ធគយលើផលិតផលបង្គាវៀតណាមមានក្រុមហ៊ុនចំនួន ៣១ ក្រុមហ៊ុនបាននាំចេញទៅកាន់សហរដ្ឋអាមេរិកជាមួយអត្រាពន្ធសូន្យភាគរយនៅលើទីផ្សារ។

យ៉ាងណាមិញទាំងនេះត្រូវបានគេចាត់ទុកថាជាឱកាសដ៏ល្អសម្រាប់អាជីវកម្ម បង្កើនការនាំចេញទៅអាមេរិក ក៏ដូចជាអត្រាពន្ធបង្គាវៀតណាមអាចប្រកួតប្រជែងជាមួយផលិតផលដូចគ្នាពីអ្នកផ្គត់ផ្គង់ផ្សេងទៀត។ ខណៈដែលឆ្នាំ ២០២០ ការនាំចេញបង្គាត្រូវបានគេរំពឹងថានឹងកើនឡើងកាន់តែច្រើនឡើងៗ​ ថែមទៀត។ គួរបញ្ជាក់ផងដែរថា​នៅក្នុងខែសីហាវៀតណាមបាននាំចូលផលិផលជលផលចំនួន ១៣៣ លានដុល្លារ ដែលធ្វើឲ្យចំនួនមានការកើនឡើងដល់ ១.១៩ ពាន់លានដុល្លារកើនឡើង ៣.៨% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈ​ពេល ៨ខែ ឆ្នាំ២០១៩ នេះ៕

អត្ថបទ៖ លីនី