ហ្វីលីពីនរំពឹងថានៅក្នុងឆ្នាំនេះចំនួនភ្ញៀវទេសចរបរទេសនឹងអាចសម្រេចបានគោលដៅក្នុងចំនួន ៨.២ លាននាក់
សេដ្ឋកិច្ច September 7, 2019 Chan Sreyny

យោងតាមរបាយការណ៍របស់នាយកដ្ឋានទេសចរណ៍ហ្វីលីពីន (DOT) បានឲ្យដឹងថាចំនួនភ្ញៀវទេសចរបរទេសមកកាន់ប្រទេសនេះក្នុងរយៈពេល ៧ ខែឆ្នាំនេះមានចំនួនប្រមាណ ៤.៨៥ លាននាក់កើនឡើង ១២.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយប្រទេសហ្វីលីពីនសង្ឃឹមថានៅឆ្នាំនេះនឹងអាចឈានដល់គោលដៅរបស់ខ្លួនដែលបានកំណត់ក្នុងចំនួនភ្ញៀវទេសចរណ៍បរទេស ៨.២ លាននាក់ ដែលខ្ពស់ជាងតួលេខនៅឆ្នាំ ២០១៨ ។

ក្នុងនោះផងដែរសាធារណរដ្ឋកូរ៉េនៅតែជាទីផ្សាទេសចរណ៍បរទេសលំដាប់កំពូលដោយមានភ្ញៀវចូលមកកំសាន្តមានចំនួន ១,១១៣,២៧៤ នាក់ បន្ទាប់មក គឺប្រទេសចិនដែលមានចំនួន ១,០៣៨,៤០៩ នាក់។ ហើយសហរដ្ឋអាមេរិកឈរនៅលំដាប់ទី៣ ដោយមានអ្នកទេសចរ ៦៦៣,១១៦ នាក់ ខណៈដែលជប៉ុនឈរលំដាប់ទី៤ ដោយមានភ្ញៀវទេសចរ ៣៨២,៦៣៤ នាក់ផងដែរ។

យ៉ាងណាមិញការបន្តកើនឡើងនេះ ដោយសារតែទទួលបានការគាំទ្រប្រកបដោយចីរភាពពីអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មដូចជា រដ្ឋាភិបាល សហគមន៍ អ្នកវិនិយោគិន និងសមភាគីពាណិជ្ជកម្មក្រៅប្រទេស។ បន្ថែមពីនេះឧស្សាហកម្មទេសចរណ៍ក៏បានបង្កើតការងារចំនួន ៥.៤ លានកន្លែងនៅឆ្នាំ ២០១៨ និងបានចូលរួមវិភាគទានចំនួន ១២.៧% ស្មើនឹង ២.២ ទ្រីលានប៉េសូ (៤១.៩៦ ពាន់លានដុល្លារ) ដល់ផលិតផលក្នុងស្រុកសរុបរបស់ហ្វីលីពីនទៀតផង៕

អត្ថបទ៖ លីនី