គិតត្រឹមឆ្នាំ ២០១៨ រដ្ឋខាតបង់ថវិកាប្រមាណ ៣៥០ លានដុល្លារក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមនុស្សស្លាប់ប្រមាណ ១៨០០នាក់ ស្មើនឹងប្រហែល ៥នាក់ ក្នុងមួយថ្ងៃ
សេដ្ឋកិច្ច September 7, 2019 Chan Sreyny

ភ្នំពេញ៖ នៅក្នុងពិធីបិទសន្និសីទប្រចាំឆ្នាំលើកទី២ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ក្រោមអធិតីភាពរបស់ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនឧបត្ថម្ភ ដៃគូអភិវឌ្ឍន៍ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត និងប្រជាពលរដ្ឋបានបង្ហាញថាក្នុងឆ្នាំ ២០១៨ គ្រោះថ្នាក់ចរាចរណ៍ បានបណ្ដាលឲ្យមនុស្សស្លាប់ប្រមាណ ១៨០០នាក់ ស្មើនឹងប្រហែល ៥នាក់ ក្នុងមួយថ្ងៃ ដែលធ្វើឲ្យរដ្ឋខាតបង់ថវិកាប្រមាណ ៣៥០ លានដុល្លារក្នុងមួយឆ្នាំ។

ដើម្បីកាត់បន្ថយអត្រាគ្រោះថា្នក់ ក៏ដូចជាកាត់បន្ថយការខាតបង់ថវិកា ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីការប្រើប្រាស់មធ្យោបាយ យុទ្ធសាស្ត្រ និងនីតិវិធី រួមមាន៖ ការតាក់តែងលិខិតគតិយុត្ត ការអប់រំ ការបំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញា ការចែកមួកសុវត្ថិភាព ការជួសជុលថែទាំផ្លូវ ការពង្រីកផ្លូវ ការអភិវឌ្ឍកម្មវិធីយល់ដឹងពីទ្រឹស្ដីនៃការបើកបរដែលអាចប្រើប្រាស់បាននៅលើទូរសព្ទស្មាតហ្វូន ការរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសជាដើម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

បន្ថែមពីនេះទិសដៅបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាគណៈកម្មាធិការជាតិសុវត្ថិភាពចរារចណ៍ផ្លូវគោកក្នុងការធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ ចែកមួក បំពាក់ផ្លាកសញ្ញា បិទចំណាំងផ្លាត ជួសជុលថែទាំផ្លូវ ពង្រីកផ្លូវ និងចាក់បញ្ចាំងវីដេអូឃ្លីបអប់រំនៅតាម ហាងលក់ម៉ូតូ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។ ដោយក្រសួងមានវិធានការតឹងរឹងមួយចំនួនផងដែរដូចជា៖ ការដាក់កាមេរ៉ាតាមផ្លូវដើម្បីចាប់ល្បឿនរថយន្តដែលបើកបរលើសល្បឿនកំណត់ ការល្បាតឆ្មក់ពេលយប់នៅតាមដងផ្លូវ ការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍សំដៅរឹតបន្តឹងច្បាប់លើជនរំលោភច្បាប់ចរាចរណ៍ផ្លូវគោកជាដើម ក្នុងគោលបំណងតម្រែតម្រង់ឲ្យបងប្អូនប្រជាពលរដ្ឋគេចផុតពីគ្រោះថ្នាក់ចរាចរណ៍៕