សហរដ្ឋអាមេរិកបានជំនួសប្រទេសចិនក្នុងនាមជាអ្នកទិញផលិតផលកសិកម្មវៀតណាមច្រើនជាងគេ នៅពេលដែលប្រទេសចិនរឹតបន្តឹងស្តង់ដារនាំចូលកសិកម្មរបស់ខ្លួន។ យោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថាការនាំចេញផលិតផលកសិកម្មរបស់វៀតណាមទៅប្រទេសចិនចាប់ពីខែមករាដល់ខែកក្កដា បានធ្លាក់ចុះ ៨.៩% ស្មើនឹង ៤.៧ ពាន់លានដុល្លារ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រទេសចិនក៏ស្ថិតនៅក្នុងទីផ្សារនាំចេញធំទី២ របស់វៀតណាមក្នុងចំនួន ២០.៧% នៃការនាំចេញកសិកម្ម។ ដោយឡែកការនាំចេញទៅសហរដ្ឋអាមេរិកក្នុងរយៈពេលដូចគ្នាបានកើនឡើង ១២.៦ ភាគរយស្មើនឹង ៤.៨ ពាន់លានដុល្លារដែលស្មើនឹង ២០.៨% នៃការនាំចេញកសិកម្មសរុបរបស់វៀតណាម។
ជាមួយគ្នានេះដែរអ្នកជំនាញបានបង្ហាញថាមូលហេតុនៃការផ្លាស់ប្តូរ ដែលប្រទេសចិនជាប្រទេសទិញផលិតផលកសិកម្មធំជាងគេរបស់វៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ដោយសារតែប្រទេសនេះបានចាប់ផ្តើមរឹតបន្តឹងគោលនយោបាយនាំចូលរបស់ខ្លួននៅឆ្នាំនេះ ដោយទទួលយកតែផលិតផលដែលបំពេញតាមស្តង់ដារគុណភាពខ្ពស់ប៉ុណ្ណោះ។ ម្យ៉ាងទៀតសម្រាប់ការធ្លាក់ចុះនៃការនាំចេញ គឺបណ្ដាលមកពីប្រាក់យ័នធ្លាក់ចុះ ដោយប្រទេសចិនបានបានទម្លាក់តម្លៃប្រាក់យ័នឲ្យចុះប្រហែល ៤.៥% ក្នុងឆ្នាំនេះ នៅពេលដែលសង្គ្រាមពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកបានបន្ត។
គួរបញ្ជាក់ផងដែរថាការធ្លាក់ចុះនេះបានកាត់បន្ថយការនាំចូលពីប្រទេសវៀតណាមដោយសារទំនិញវៀតណាមកាន់តែមានតម្លៃថ្លៃដល់អ្នកទិញចិន។ ដោយកាលពីឆ្នាំមុនការនាំចេញកសិកម្មបានកើនឡើង ៩.៦% លើសពីឆ្នាំ ២០១៧ ដល់ជាង ៤០ ពាន់លានដុល្លារ ចំពោះទំនិញធំៗចំនួន ៥ ឡើងដល់តម្លៃជាង ៣ ពាន់លានដុល្លារក្នុងមួយមុខៗ រួមមានបង្គា ផ្លែឈើ បន្លែ ស្វាយចន្ទី កាហ្វេ និងឈើ៕

អត្ថបទ៖ លីនី


