អាជីវកម្មមួយកន្លែង ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋានទូទៅ ដោយសារតែជាអាហារថ្មីប្លែកនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងរសជាតិឆ្ងាញ់ដែលតម្រូវតាមចិត្តអតិថិជន។ តាមរយៈការធ្វើបទសម្ភាសន៍ជាមួយលោក គុំ ឌិត ម្ចាស់អាជីវកម្មជើងទាហឹរ ទួលគោក បានឲ្យដឹងថាគិតមកទល់ពេលនេះអាជីវកម្មលក់ជើងទាបង្កើតឡើងបានរយៈពេល ៣ ឆ្នាំមកហើយ ដោយការផ្ដើមចេញពីការធ្វើញ៉ាំខ្លួនឯងនៅក្នុងគ្រួសារ តែទទួលបានការជំរុញពីក្រុមគ្រួសារ និងអតិថិជនហាងនំប័ុងជ្រូកខ្វៃរបស់គាត់ដោយសារមានរសជាតិឆ្ងាញ់ ហើយប្លែក។
បន្ថែមពីនេះដោយសារតែលក្ខណៈពិសេសរបស់ជើងទាទួលគោកតម្រូវតាមចំណង់ចំណូលចិត្តរបស់អតិថិជនគ្រប់ស្រទាប់មិនថាក្មេង ឬ ចាស់ ធ្វើឲ្យអាជីវកម្មមួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។ ដោយបង្កើនការលក់រហូតដល់ ១៥០ គីឡូក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះដោយសារភាល្បីល្បាញក៏ដូចជាទទួលបានការជំរុញពីភ្ញៀវបច្ចុប្បន្ន ជើងទាហិរ ទួលគោកបានបើកសាខារហូតដល់ ៩ សាខានៅក្នុងទីក្រុងភ្នំពេញ ដើម្បីជួយសម្រួល និងបំពេញតាមតម្រូវការដល់អតិថិជនមិនថាថ្មី ឬ ចាស់ដែលតែងគាំទ្រ ក៏ដូចជាចង់ភ្លក់នូវអាហារថ្មីប្រភេទនេះរហូតទទួលបានជោគជ័យ និងដំណើរការទាំង ៩ សាខា។
ក្រៅពីទទួលបានជោគជ័យក្នុងការបើកអាជីវកម្ម និងប្រាក់កម្រៃច្រើន អាជីវកម្មជើងទាហិរ ទួលគោកក៏បានចូលរួមចំណែកក្នុងការជួយផ្ដល់ការងារដល់ប្រជាពលរដ្ឋដែលចំណាកស្រុក ពីខេត្តឆ្ងាយៗឲ្យទទួលបានការងារធ្វើជាមួយនឹងប្រាក់ខែខ្ពស់ ការស្នាក់នៅ និងហូបចុក។ លើសពីនេះគ្រប់បុគ្គលិកទាំងអស់អាចទទួលបានការរៀនសូត្រ និងបណ្ដុះបណ្ដាលពីអាជីវកម្មផងដែរ៕
អត្ថបទ៖ លីនី


